ពិព័រណ៍ទុរេនខេត្តត្បូងឃ្មុំ ត្រូវបានរៀបចំពិធីបើកសម្ពោធជាផ្លូវការហើយនៅរសៀលថ្ងៃនេះ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «ពិព័រណ៍ទុរេន និងដំណាំឈើហូបផ្លែ ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦»។

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តត្បូងឃ្មុំ នៅបរិវេណមាត់ទន្លេសិប្បនិម្មិត ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។ ពិធីបើកជាផ្លូវការនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប រួមមាន ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា ,ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ អ្នក ឧកញ៉ា ព្រមទាំងមន្ត្រីរាជការ អាជីវករ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា បានមាន ប្រសាសន៍ស្វាគមន៍ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងបងប្អូនកសិករ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ខេត្តត្បូងឃ្មុំមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ហើយទុរេនត្បូងឃ្មុំបាននិងកំពុងបង្កើតកេរ្តិ៍ឈ្មោះយ៉ាងលេចធ្លោ។ ការរៀបចំពិព័រណ៍នេះ មិនត្រឹមតែជាការបើកឱកាសទីផ្សារជូនកសិករផ្ទាល់នោះទេ ប៉ុន្តែវាជាការបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចសហគមន៍ និងការទាក់ទាញភ្ញៀវទេសចរឱ្យមកស្គាល់ខេត្តត្បូងឃ្មុំកាន់តែច្រើនឡើង។

ជាមួយគ្នានោះដែរ ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា ក៏បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើននៃកសិផលខ្មែរ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំ និងជំរុញលើកទឹក ចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តម វង សូត បានបញ្ជាក់ថា ក្រៅពីការរួមគ្នាគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យមានស្តង់ដារខ្ពស់ហើយនោះ កត្តាដែលមិនអាចមើលរំលងបានគឺសុខភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានដាស់តឿនឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែរួមដៃគ្នាពង្រឹងការត្រួតពិនិត្យគុណភាពទំនិញ និងចំណីអាហារនាំចូលពីក្រៅប្រទេសឱ្យបានតឹងរ៉ឹងបំផុត ដើម្បីធានាសុវត្ថិភាព និងការពារសុខភាពជូនប្រជាពលរដ្ឋ។

ចំពោះកម្មវិធីពិព័រណ៍កសិកម្មរយៈពេល ៣ថ្ងៃនេះ ភ្ញៀវជាតិនិងអន្តរជាតិដែលអញ្ជើញមកកម្សាន្ត នឹងទទួលបានបទពិសោធន៍ដ៏សម្បូរបែប តាមរយៈការទស្សនា និងភ្លក់រសជាតិទុរេនខេត្តត្បូងឃ្មុំ ដែលល្បីល្បាញខាងរសជាតិផ្អែមឆ្ងាញ់ ពិដោរឈ្ងុយ និងដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ។ លើសពីនេះ ភ្ញៀវចូលរួមដទៃទៀតក៏អាចស្វែងយល់ពីប្រភេទដំណាំឈើហូបផ្លែធម្មជាតិជាច្រើនមុខ រួមមាន មង្ឃុត ខ្នុរ សាវម៉ាវ មៀន និងកសិផលបន្ទាប់បន្សំជាច្រើនប្រភេទ ព្រមទាំងបានចូលរួមលើកទឹក ចិត្ត និងជំរុញជីវភាពប្រជាកសិករតាមរយៈការបញ្ជាទិញផលិតផលពីស្តង់ពិព័រណ៍ដោយផ្ទាល់។ ព្រឹត្តិការណ៍នេះក៏ជាឱកាសដ៏ប្រសើរក្នុងការទទួលបានចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យាកសិកម្ម តាមរយៈការសិក្សាស្វែងយល់ពីបច្ចេកទេសដាំដុះទំនើប និងការកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែមនៅលើទីផ្សារ។

ជាទីបញ្ចប់ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាជីវករ និងអ្នកស្រឡាញ់វិស័យកសិកម្មទាំងអស់ ចូលរួមទស្សនា និងទិញដូរឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់កសិផលខ្មែរ ជាពិសេសទុរេនខេត្តត្បូងឃ្មុំ ឱ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ៕