ឯកឧត្តម ឈួរ សុបញ្ញា : កិច្ចប្រជុំការងារសាសនាប្រចាំឆមាសទី១ ឆ្នាំ២០២៦ ខេត្តកំពង់ស្ពឺ ផ្តោតលើការពង្រឹងវិន័យ ពុទ្ធិកសិក្សា និងការអប់រំសង្គមតាមពុទ្ធមាគ៌ា
នៅរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ឯកឧត្តម ឈួរ សុបញ្ញាបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារពុទ្ធសាសនា គណៈមហាមហានិកាយប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់សាលាគណខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំ កង ហ៊ាង (ជាន់ទី១) សាលាខេត្តកំពង់ស្ពឺ ដោយមានការនិមន្ត និងអញ្ជើញចូលរួមជាអធិបតីផងដែរពីព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្ត គណៈមហានិកាយ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ព្រមទាំងព្រះអនុគណ ព្រះមន្រ្តីសង្ឃ និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ ៥០រូប។
ក្នុងអង្គប្រជុំ ព្រះមេគណខេត្តបានមានព្រះដីកាណែនាំឱ្យព្រះសង្ឃគ្រប់លំដាប់ថ្នាក់ បន្តគោរពវិន័យសង្ឃឱ្យបានម៉ឺងម៉ាត់ ជាពិសេសការរស់នៅតាមគន្លងព្រះធម៌ ដើម្បីធ្វើជាគំរូល្អសម្រាប់ពុទ្ធបរិស័ទ។ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលរងខេត្តក៏បានលើកឡើងពីសារៈសំខាន់នៃការសហការរវាងអាជ្ញាធរ និងសាសនា ក្នុងការបណ្តុះសីលធម៌ និងបង្កើនសុខដុមរមនាក្នុងសង្គម។
ក្នុងឱកាសនេះ ឯកឧត្តមបានចូលរួមជាមតិមួយចំនួនៗ ដើម្បីពង្រឹងវិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមដូចខាងក្រោម៖
១. បន្តពង្រឹងការបដិបត្តិព្រះធម៌វិន័យ ព្រោះវិន័យជាគ្រឹះនៃភាពរឹងមាំរបស់ព្រះពុទ្ធសាសនា ដូច្នេះក្រាបបវរណាព្រះសង្ឃគ្រប់លំដាប់ត្រូវប្រកាន់ខ្ជាប់វិន័យ និងប្រតិបត្តិព្រះធម៌ឱ្យបានត្រឹមត្រូវ ដើម្បីជាគំរូល្អដល់ពុទ្ធបរិស័ទ និងសង្គមទាំងមូល។
២. បន្តពង្រឹងពុទ្ធិកសិក្សា ដែលជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា ព្រោះពុទ្ធិកសិក្សាត្រូវបានចាត់ទុកជាមូលដ្ឋានសំខាន់ក្នុងការបណ្តុះបណ្តាលព្រះសង្ឃ និងសមណសិស្សឱ្យមានទាំងចំណេះដឹងធម៌ និងចំណេះដឹងសម័យទំនើប ដើម្បីធានាការអភិវឌ្ឍវិស័យសាសនាឱ្យមានចីរភាព។
៣. បន្តរៀបចំកម្មវិធីអប់រំយុវជនតាមពុទ្ធមាគ៌ា : សារៈសំខាន់នៃការអប់រំយុវជនឱ្យមានសីលធម៌ គុណធម៌ និងការយល់ដឹងអំពីបុណ្យបាប គុណទោស ដើម្បីកាត់បន្ថយបញ្ហាសង្គមដូចជា គ្រឿងញៀន ភូមិឃុំសង្កាត់មានសុវត្ថិភាព ការអប់រំក្មេងទំនើង និងអំពើហិង្សា។
៤. បន្តរៀបចំវគ្គបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពមន្រ្តីសង្ឃគ្រប់ឋានានុក្រម ដោយបន្តបណ្តុះបណ្តាលសមត្ថភាពមន្រ្តីសង្ឃ ដើម្បីពង្រឹងការគ្រប់គ្រងវត្តអារាម និងការដឹកនាំសាសនា ឱ្យមានប្រសិទ្ធភាព និងទាន់សម័យ។
៥. បន្តពង្រឹងស្ថិតិរបស់ព្រះសង្ឃ ដោយការគ្រប់គ្រងទិន្នន័យព្រះសង្ឃឱ្យបានត្រឹមត្រូវច្បាស់លាស់ ព្រោះស្ថិតិ គឺជាមូលដ្ឋានសំខាន់សម្រាប់ការរៀបចំផែនការអភិវឌ្ឍ និងការគាំទ្រពីអាជ្ញាធរ ដើម្បីធានាប្រសិទ្ធភាពក្នុងការងារសាសនា។
៦. បន្តពង្រឹងការគ្រប់គ្រងវត្តអារាម ធ្វើឱ្យមានរបៀបរៀបរយ ការបន្តលើកកម្ពស់ការអប់រំព្រះធម៌ដល់យុវជន និងពុទ្ធបរិស័ទ ព្រមទាំងជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគី ដើម្បីរក្សា និងអភិវឌ្ឍតម្លៃសាសនាឱ្យកាន់តែរឹងមាំ។
ជាសរុបមក អង្គប្រជុំបានផ្តោតលើ “ធម៌ វិន័យ ចំណេះដឹង និងសមត្ថភាព” ដែលជាគន្លឹះសំខាន់ក្នុងការពង្រឹងព្រះពុទ្ធសាសនា និងរួមចំណែកកសាងសង្គមឱ្យមានសីលធម៌ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។





