រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ជួបពិភាក្សាគ្នាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន និងរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង Steven PANG Chee Wee ឯកអគ្គរដ្ឋទូតរដ្ឋសិង្ហបុរីថ្មីប្រចាំកម្ពុជា បានបញ្ជាក់ពីជំហររួមគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងផ្សព្វផ្សាយ ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព តម្លាភាព និងទំនួលខុសត្រូវ។

ការបញ្ជាក់ជំហររួមនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ដោយភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និង ឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ កម្ពុជា សិង្ហបុរី ដែលបានរួមចំណែកជំរុញការអភិវឌ្ឍលើវិស័យជាច្រើន រួមទាំងវិស័យព័ត៌មាន និងទំនាក់ទំនងសាធារណៈ។ ភាគីទាំងពីរក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារព័ត៌មានឱ្យស្របតាមការវិវត្តនៃបរិបទឌីជីថល។

ជាមួយគ្នានេះ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភាន់ ដែលកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់បណ្តាប្រទេសនានា។ កិច្ចសហការរវាងកម្ពុជា និងសឹង្ហបុរី នឹងផ្តោតលើការលើកកម្ពស់ការយល់ដឹងសាធារណៈ ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន ធានាឱ្យការផ្សព្វផ្សាយព័ត៌មានមានភាពត្រឹមត្រូវ និងអាចជឿទុកចិត្តបាន។

ក្នុងកិច្ចពិភាក្សាការងារនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានសម្តែងសុទិដ្ឋិនិយមថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងជួយពង្រឹងវិស័យព័ត៌មានរបស់ប្រទេសទាំងពីរ ក៏ដូចជារួមចំណែករក្សាបរិយាកាសព័ត៌មានប្រកបដោយសុវត្ថិភាព វិជ្ជាជីវៈ និងទំនួលខុសត្រូវនៅក្នុងសង្គមឌីជីថល៕