សេដ្ឋកិច្ចមូលដ្ឋានរីកចម្រើន ជួយឱ្យអតីតពលករចំណាកស្រុកមានការងារធ្វើ និងចំណូលថេរ នៅជិតផ្ទះ និងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ស្រុកព្រៃនប់!
ខេត្តព្រះសីហនុ៖នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនអតីតពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ហើយបច្ចុប្បន្នកំពុងបំពេញ ការងារនៅរោងចក្រផលិតឥដ្ឋមួយកន្លែង ស្ថិតក្នុងមូលដ្ឋានស្រុកព្រៃនប់។
ក្នុងឱកាសនោះ បងប្អូនកម្មករ-កម្មការិនីបានលើកឡើងដោយក្តីសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះឱកាសការងារនាពេលបច្ចុប្បន្ន។ ពួកគាត់បានឱ្យដឹងថា ប្រាក់ ចំណូលមានស្ថិរភាព៖ បច្ចុប្បន្នអាចរកចំណូលបានចន្លោះពី ៣៥០ ដុល្លារ ដល់ ៦៥០ ដុល្លារ ក្នុងមួយខែ ដែលជាកម្រិតចំណូលសមរម្យមួយ។ អ្វីដែលរឹតតែពិសេសនោះ គឺពួកគាត់អាចរស់នៅជួបជុំក្រុមគ្រួសារ កាត់បន្ថយការបែកបាក់ និងមិនចាំបាច់ធ្វើចំណាកស្រុកទៅប្រឈមហានិភ័យនៅក្រៅប្រទេសដូចមុនទៀតឡើយ។
ការវិលត្រឡប់របស់អតីតពលករ និងការទទួលបានឱកាសការងារធ្វើនៅក្នុងស្រុកនេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីការរីកចម្រើននៃវិស័យសេដ្ឋកិច្ច និងការបង្កើតឱកាសការងារកាន់តែច្រើននៅក្នុងមូលដ្ឋាន ដែលកំពុងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ការមានការងារធ្វើនៅជិតផ្ទះ មិនត្រឹមតែផ្តល់ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងភាពកក់ក្តៅក្នុងគ្រួសារ និងរួមចំណែកអភិវឌ្ឍសហគមន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត។
ជារួម ការអភិវឌ្ឍរោងចក្រសហគ្រាសក្នុងស្រុក បានក្លាយជាបង្អែកយ៉ាងរឹងមាំជួយឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ មានចំណូលសមរម្យ និងមានពេលវេលាជួបជុំក្រុមគ្រួសារប្រកបដោយសុភមង្គល ក្រោមដំបូលផ្ទះកំណើតរបស់ខ្លួនយ៉ាងពិតប្រាកដ៕
ប្រភព:រដ្ឋបាលស្រុកព្រៃនប់





