លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជួបការលំបាក និងគ្រួសារចាស់ជរាចំនួន០៣គ្រួសារ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច
កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមស្មារតីមនុស្សធម៏ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមដោយស្ម័គ្រចិត្តពីក្រុមការងារកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះសំបែងអស់មួយគ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កំពុងជួបការលំបាក ចាស់ជរា ព្រមទាំងមានជំងឺប្រចាំកាយចំនួន០៣គ្រួសារបន្ថែមទៀត ស្ថិតក្នុងភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
គ្រួសារដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះសំបែងមានឈ្មោះ ហ៉ឺ ប៊ុនសៀង ភេទប្រុស អាយុ៥៨ឆ្នាំ និងមានប្រពន្ធឈ្មោះ អ៉ី ងួន អាយុ៥២ឆ្នាំ ដោយបច្ចុប្បន្នរស់នៅក្នុងភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ពិតជាដូចពាក្យចាស់លោកពោលថា(ស៊ូលិចទូកកណ្តាលទន្លេ កុំអោយតែភ្លើងឆេះផ្ទះ) គឺឆេះគ្មានសល់អ្វីទេ ទ្រព្យសម្បត្តិ សម្ភារៈផ្សេងៗ និងវត្ថុមានតម្លៃ ដែលបានខិតខំប្រឹងប្រែងរកទាំងក្តីលំបាក កើតចេញមកពីញើសឈាម ត្រូវបានរលាយក្លាយជាផេះ គ្មានសល់ត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ។
ក្នុងពេលសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ រួមជាមួយ និងក្រុមការងារអមដំណើរជាមួយបាន សំណេះសំណាលជាមួយក្រុមគ្រួសារគាត់ដោយក្តីអាណិតអាសូរពន់ពេក ក្រោមស្មារតីមនុស្សធម៏ ខ្មែរស្រលាញ់ ជួយគ្នាក្នុងគ្រាលំបាក លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភជាថវិការមួយចំនួន ៣០០.០០០រៀល និងសម្ភារៈមួយចំនួន ព្រមទាំងគ្រឿងឧបភោគបរិភោគរួមមាន÷អង្ក ១បាវ ៥០Kg,មី ២កេស,ទឹកសុទ្ធ ២កេស,ភេសជ្ជៈ ២កេស,ទឹកត្រី ២យួរ,ទឹកស៉ីអ៉ីវ ២យួរ,ត្រីខ ២យួរ,ភួយ ៣,ខ្នើយ ៣ និងកន្ទេលចំនួន ថែមទៀតផង។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដោយមើលឃើញជាក់ស្តែង ពីការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងចាស់ជរាចំនួន០៣គ្រួសារ ដែលគ្រួសារទី១ ចាស់ជរា ឧបត្ថម្ភថវិកាចំនួន៤០,០០០រៀល,គ្រួសារទី២ មានកើតជំងឺពកក ឧបត្ថម្ភថវិការចំនួន ២០០,០០០រៀល និងគ្រួសារទី៣ មានជីវភាពក្រីក្រខ្វះខាតឧបត្ថម្ភថវិការចំនួន១០០,០០០រៀល ដែលសរុបជាថវិការទាំងអស់រួមនិងសម្ភារៈចាំបាច់មួយចំនួន ព្រមទាំងគ្រឿងឧបភោគបរិភោគអស់ចំនួន ១,២៨០.០០០រៀលផងដែរ៕
គួររំលឹកផងដែរថា លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ តែងតែបរិច្ចាកនូវថវិការផ្ទាល់ខ្លួន និងធ្វើការចែករំលែកស្បៀងអាហារ សម្លៀកបំពាក់ ធ្វើទីជម្រកសម្រម និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋគ្រួសារណាដែលមានជីវភាពខ្វះខាត និងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងក្នុងមូលដ្ឋានតាមបញ្តាខេត្តផ្សេងៗទៀតផង។ដោយក្នុងសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមបានបង្ហាញពីក្តីមេត្តាករុណា និងសាមគ្គីភាពក្នុងសង្គម ពិសេសបានបណ្តុះស្មារតីសាមគ្គីភាព និងសេចក្តីស្រឡាញ់រវាងមនុស្សជាតិថែមទៀតផង៕





