ឯកឧត្តម ឯក សំអុល ៖ ការសន្ទនា រវាងអរិយធម៌ គឺជាស្ពានដ៏សំខាន់ក្នុងការតភ្ជាប់ប្រជាជន នៃប្រទេសផ្សេងៗ ឱ្យកាន់តែមានភាពជិតស្និទ្ធ និងយោគ យល់គ្នាទៅវិញទៅមក
ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាស៍ថា ការសន្ទនា រវាងអរិយធម៌ គឺជាស្ពានដ៏សំខាន់ក្នុងការតភ្ជាប់ប្រជាជន នៃប្រទេសផ្សេងៗ ឱ្យកាន់តែមានភាពជិតស្និទ្ធ និងយោគ យល់គ្នាទៅវិញទៅមក ។ ឯកឧត្តមបានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជេីញជាអធិបតី ក្នុងឱកាសប្រារព្ធខួប២ឆ្នាំនៃ ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ កម្មវិធីវេទិកាសន្ទនាពិសេសមួយត្រូវបានរៀបចំឡើង ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញ អ្នកស្រាវជ្រាវ អ្នកសារព័ត៌មាន និងយុវជនកម្ពុជា-ចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ស្តីពីតួនាទីនៃការសន្ទនារវាងអរិយធម៌ក្នុងការពង្រឹង សន្តិភាព ការយោគយល់គ្នា និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការសមាគមមិត្តភាពកម្ពុជា-ចិន រាជធានីភ្នំពេញ។
ឯកឧត្តម ឯក សំអុល បានបន្តថា ទំនាក់ទំនងកម្ពុជា-ចិនមានប្រវត្តិយូរអង្វែងរាប់ពាន់ឆ្នាំ ហើយ ការផ្លាស់ប្តូរផ្នែកវប្បធម៌ អប់រំ និងប្រជាជនជាមួយប្រជាជន បានក្លាយជាមូលដ្ឋានរឹងមាំសម្រាប់ការកសាង សហគមន៍ជោគវាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ សមាគមមិត្តភាពកម្ពុជា-ចិន នឹងបន្តរួមចំណែកជំរុញការផ្លាស់ ប្តូរវប្បធម៌ ការអប់រំ ការសិក្សាស្រាវជ្រាវ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន ដើម្បីធ្វើឱ្យចំណងមិត្តភាព រវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងមាន ភាពរឹងមាំថែមទៀត ហើយខ្ញុំលើកទឹកចិត្តដល់អង្គពិធីទាំងមូលត្រងត្រាប់ក្រេបជញ្ជក់ យកពុទ្ធិ ពីវាគ្មិន និងយុវជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិននឹងចែករំលែក នាពេលបន្តិចទៀតនេះ។
ឯកឧត្តម ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងការគាំទ្ររបស់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសស្ថានទូតចិនប្រចាំកម្ពុជាដែលបានរួមចំណែកធ្វើឱ្យកម្មវិធីដ៏មានអត្ថន័យនេះប្រព្រឹត្តទៅដោយជោគជ័យ ដើម្បីបន្តស្មារតីកាលពី ២ឆ្នាំមុនរបស់មហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៨ កាលពីខែមិថុនា ឆ្នាំ២០២៤ ដោយបានអនុម័ត ជាឯកឆន្ទនូវសេចក្តីសម្រេចចិត្ត ស្តីពីការបង្កើតទិវាអន្តរជាតិសម្រាប់ការសន្ទនារវាង អរិយធម៌ ដែលលើកឡើងដោយប្រទេសចិន ហើយបានកំណត់យកថ្ងៃទី១០ ខែមិថុនា ជាទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌។
ជាមួយគ្នានេះ លោក Chen អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អរិយធម៌នីមួយៗមានតម្លៃ និងអត្តសញ្ញាណពិសេសរៀងៗខ្លួន។ លោកបានសង្កត់ធ្ងន់ថា ការគោរពភាពខុសគ្នា ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការរួមរស់ប្រកបដោយសុខដុមរមនា គឺជាគន្លឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងសន្តិភាពពិភពលោក។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការវប្បធម៌ រវាងកម្ពុជា និងចិន ដែលកំពុងបន្តរីកចម្រើនឥតឈប់ឈរ។
គូសបញ្ជាក់ផងដែរថា យោងតាមការអោយដឹងពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានអោយដឹងថា វេទិកានេះជាការឆ្លើយតបនឹងគោលគំនិតផ្តួចផ្តើមអរិយធម៌ សកលដែលបានផ្តួចផ្តើមដោយឯកឧត្តម Xi Jinping ប្រធានរដ្ឋចិន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ហើយវេទិកា ថ្ងៃនេះបានទទួលនូវពុទ្ធិនិងអនុសាសន៍ជាច្រើនពីវាគ្មិនជំនាញជាច្រើនរូបបានចែករំលែកទស្សនៈដ៏មានតម្លៃជុំវិញប្រធានបទ «ការសន្ទនារវាងអរិយធម៌ និងការកសាងអនាគតរួម»៕





