ក្រុមហ៊ុន GOLD ZONE MEDIA បើកដំណើរការរបាយការណ៍ឧស្សាហកម្មផ្សព្វផ្សាយពាណិជ្ជកម្ម OUT-OF-HOME ដំបូងបង្អស់នៅកម្ពុជា ព្រមទាំងប្រកាសជាផ្លូវការដៃគូយុទ្ធសាស្ត្រជាមួយ GRABADS ក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Gold Zone Media បានរៀបចំជាផ្លូវការនូវកម្មវិធីមួយក្រោមប្រធានបទ «របត់ថ្មី» (Turning The Page) ដែលត្រូវបានដាក់ចេញក្រោមសហប្រតិបត្តិការជាមួយក្រុមហ៊ុន Grab និងសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM)។ គំនិតផ្តួចផ្តើមនេះ បង្ហាញពីវឌ្ឍនភាពយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យផ្សព្វផ្សាយពាណិជ្ជកម្មក្រៅផ្ទះ (Out-of-Home – OOH) នៅកម្ពុជា។

នៅក្នុងកម្មវិធីនេះ Gold Zone Media បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រលើប្រព័ន្ធផ្សព្វផ្សាយដឹកជញ្ជូន (Transit Media) ជាមួយ Grab Cambodia ដោយមានការសហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ក៏បានដាក់សម្ពោធជាផ្លូវការនូវរបាយការណ៍ឧស្សាហកម្មផ្សព្វផ្សាយក្រៅផ្ទះកម្ពុជា ឆ្នាំ២០២៥ (OOH) ផងដែរ។

ក្រុមហ៊ុន Gold Zone Media បានឈានចូលសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន GrabAds Cambodia ក្នុងការណែនាំនូវប្រព័ន្ធផ្សព្វផ្សាយ«City Mobility Lightbox» ដែលជាទម្រង់ប្រអប់ភ្លើង ផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវបានរចនាឡើងយ៉ាងពិសេស សម្រាប់បំពាក់លើរថយន្ត កង់បី ក្នុងគោលបំណងជួយឱ្យម៉ាកយីហោរបស់អតិថិជន ងាយស្រួលមើលឃើញនៅគ្រប់ទីកន្លែងនៅតាមដងផ្លូវក្នុងទីក្រុង នៃប្រទេសកម្ពុជា។ ភាពជាដៃគូនេះ ត្រូវបានរៀបចំឡើង ដើម្បីផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមយ៉ាងពិតប្រាកដ។ តាមរយៈការចូលរួមពីដៃគូបើកបររបស់ក្រុមហ៊ុន Grab ក្នុងនាមជាអ្នកផ្ទុកប្រព័ន្ធផ្សព្វផ្សាយកម្មវិធីនេះ បានផ្តល់នូវប្រភពចំណូលបន្ថែមដ៏មានលំនឹង សម្រាប់អ្នកបើកបរ ដោយហេតុនេះអាចជួយកាត់បន្ថយការកើនឡើងនៃថ្លៃដើមប្រតិបត្តិការ និងតម្លៃថាមពល ព្រមទាំងជួយធ្វើសមាហរណកម្មពួកគាត់ឱ្យកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចឌីជីថល។

លោក Rowell Santiago ប្រធានផ្នែកពាណិជ្ជកម្ម និងភាពជាដៃគូមានប្រសាសន៍ថា៖ «ការចាប់ដៃគូសហការជាមួយក្រុមហ៊ុន Gold Zone Media អនុញ្ញាតឱ្យយើងពង្រីកតម្លៃនៃប្រព័ន្ធអេកូឡូស៊ីការធ្វើដំណើររបស់ Grab ឱ្យកាន់តែទូលំទូលាយលើសពីសេវាកម្ម ដឹកជញ្ជូនតាមរយៈការណែនាំនូវដំណោះស្រាយប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិតដែលផ្តល់អត្ថប្រយោជន៍ទាំងដល់ម៉ាកយីហោនានា និងដៃគូបើកបររបស់យើង។ Grab មានមោទនភាពក្នុងការគាំទ្ររាល់គំនិតផ្តួចផ្តើមទាំងឡាយណាដែលជំរុញនវានុវត្តន៍ ពង្រឹងជីវភាពរស់នៅ និងរួមចំណែកដល់ការអភិវឌ្ឍជាបន្តបន្ទាប់នៃវិស័យប្រព័ន្ធផ្សព្វផ្សាយ និងការផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា»។

លោក Jason Shen សហស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុន Gold Zone Media បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះតំណាងឱ្យអ្វីៗដែលលើសពីការបើកដំណើរការទម្រង់ប្រព័ន្ធផ្សព្វផ្សាយថ្មី។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតតម្លៃប្រកបដោយនិរន្តរភាពសម្រាប់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម អ្នកបើកបរ និងសហគមន៍ទាំងមូល ព្រមទាំងជម្រុញការធ្វើទំនើបកម្មនៃឧស្សាហកម្ម OOH របស់កម្ពុជា»។

ទន្ទឹមនឹងការប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រនេះ ក្រុមហ៊ុន Gold Zone Media — ក្រោមសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) —បានចេញផ្សាយ «របាយការណ៍ឧស្សាហកម្មផ្សព្វផ្សាយពាណិជ្ជកម្មOOHក្នុងឆ្នាំ ២០២៥» ដែលជាឯកសារយោងគ្រប់ជ្រុងជ្រោយដំបូងបង្អស់របស់ប្រទេសក្នុងវិស័យ OOH។ របាយការណ៍នេះបានពិនិត្យយ៉ាងលម្អិតលើសក្ដានុពលទីផ្សារអាកប្បកិរិយារបស់ទស្សនិកជន ប្រសិទ្ធភាពនៃការផ្សាយពាណិជ្ជកម្ម បរិបទបទប្បញ្ញត្តិ និងឱកាសរីកចម្រើន ហើយវាត្រូវបានបង្កើតឡើង ដើម្បីបម្រើជាស្តង់ដារគោលសម្រាប់តម្លាភាពទីផ្សារ ការរៀបចំផែនការយុទ្ធសាស្ត្រ និងការវិនិយោគលើប្រព័ន្ធផ្សព្វផ្សាយប្រកបដោយការយល់ដឹងច្បាស់លាស់។

លោកសាស្រ្តាចារ្យ ដឹកនាំគម្រោង ឈុន សេងហាក់ តំណាងលោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើងថា បច្ចុប្បន្ននេះ ការរីកដុះដាលនៃវិស័យអាជីវកម្ម ការងារ ក៏ដូចជាយុទ្ធសាស្ត្រនៃការផ្សព្វផ្សាយតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាយើងនេះ មានភាពរីកចម្រើនលឿន និងមានភាពទាន់សម័យ មិនចាញ់បណ្តាប្រទេសជឿនលឿនប៉ុន្មាននោះទេ។

គំនិតផ្តួចផ្តើមឈានមុខគេនេះ ឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់ក្រុមហ៊ុន Gold Zone Media ថាភាពជាអ្នកដឹកនាំក្នុងឧស្សាហកម្មនេះគឺត្រូវឈានទៅហួសពីប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយធម្មតា។ តាមរយៈការចេញផ្សាយរបាយការណ៍នេះ ជម្រុញឱ្យមានតម្លាភាព ពង្រឹងស្តង់ដារការងារ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត៕