ឯកឧត្តមបណ្ឌិត កៅ ថាច រំលឹកដល់កសិករនៅក្រុងបូកគោ និងក្រុងកំពត ខេត្តកំពត ពិចារណាចងក្រងជាក្រុមផលិត និងផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្មទៅជាអាជីពមួយច្បាស់លាស់ ដើម្បីទទួលបានផលចំណេញ

ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានរំលឹកដល់ប្រជាកសិករនៅក្រុងបូកគោ ខេត្តកំពតថា កសិករយើងអាចពិចារណាចងក្រងជាក្រុមផលិតនឹងផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្មឡើងវិញពីលក្ខណៈគ្រួសារទៅជាអាជីពមួយច្បាស់លាស់ ដើម្បីទទួលបានផលចំណេញច្រើន។

ការបញ្ជាក់ដូច្នោះរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅក្រុងបូកគោ ខេត្តកំពត ប្រមាណ ២០០នាក់។ ពិធីនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត លោក ស៊ិន ពេជ្រ អភិបាលរងនៃគណ:អភិបាល ក្រុងកំពត និងលោកស្រី ម៉ក់ ចិន្តា អភិបាលរងនៃគណ:អភិបាលក្រុងបូកគោ មន្ត្រីរដ្ឋបាលស្រុកនិងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានក្រុង ចៅសង្កាត់ មន្ត្រីកសិកម្មឃុំផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ការធ្វើកសិកម្មរបស់បងប្អូនកសិករយើងពិតណាស់តែងជួបការលំបាកច្រើនជារឿយៗ បញ្ហាធំគឺ រឿងផលិតបានហើយអត់ទីផ្សារលក់ បញ្ហាជីគីមីកសិកម្មឡើងថ្លៃ បញ្ហាបច្ចេកទេស និងបញ្ហាទុនផ្សេងៗ ដែលមានការប្រាក់ខ្ពស់ ប៉ុន្តែចំណុចនេះ គន្លឹះ ដើម្បីដោះស្រាយឱ្យកសិករយើងមានភាពប្រសើរ គឺ ការផ្លាស់ប្តូរទម្លាប់នៃការធ្វើកសិកម្មបែបថ្មី កុំធ្វើកសិកម្មដើម្បីតែចិញ្ចឹមឆ្នាំងបាយ ចេះប្រើបច្ចេកទេសទំនើបៗ ក្នុងការផលិតជីធម្មជាតិក្នុងស្រុកជំនួសវិញ ដែលនឹងកាត់បន្ថយការចំណាយទាំងស្រុងរួចអាចរកឃើញផលចំណេញ។

ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិតប្រតិភូ ស្នើឱ្យកសិករដែលមកពីតាមបណ្តាសង្កាត់ស្ថិតនៅក្នុងក្រុងកំពត និងក្រុងបូកគោ គួរគិតគូរពិចារណាចងក្រងជាក្រុមសម្រាប់ធ្វើរបរកសិកម្ម និងគិតគូរឲ្យបានច្បាស់លាស់អំពីការធ្វើកសិកម្មបែបទំនើបវិញដើម្បីក្លាយជាអាជីព និងបានផលចំណេញច្រើន ជាពិសេសត្រូវចេះគិតគូរអំពីថ្លៃដើមផលិតក្នុង១ឯកតា មិនថា លើដំណាំស្រូវ បន្លែ និងចិញ្ចឹមសត្វនោះទេ ។

ជាចុងក្រោយ ដើម្បីដោះស្រាយលើបញ្ហាប្រឈមខាង លើ ឯកឧត្តមបណ្ឌិតបានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយនឹងសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ ចម្លងសម្លេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និង(២) ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន គៃចំណេញលើកសិករ៕