ប្រជាជនអ៊ីរ៉ង់បង្ហាញក្តីបារម្ភខ្លាចរអាសង្គ្រាម ក្រោយពីអ៊ីស្រាអែលនិងអ៊ីរ៉ង់បាញ់តបតគ្នា! ពួកគេថា៖ សង្រ្គាមធ្វើឱ្យសេដ្ឋកិច្ចសកលរង្គោះរង្គើ ប្រេងសាំងឡើងថ្លៃ ម្ហូបអាហារក៏ឡើងថ្លៃដែរ

ប្រជាជនទីក្រុងតេអេរ៉ង់បាននិយាយអំពីគ្រាដ៏តានតឹងដែលពួកគេបានជួបប្រទះកាលពីប៉ុន្មានថ្ងៃមុន នៅពេលដែលអ៊ីរ៉ង់ និងអ៊ីស្រាអែលបានបាញ់ប្រហារគ្នាយ៉ាងធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ អ៊ីស្រាអែល និងអ៊ីរ៉ង់ហាក់ដូចជាដកថយពីការវាយប្រហារបន្តិចកាលពីថ្ងៃច័ន្ទនេះ បន្ទាប់ប៉ុន្មានម៉ោងដែលពួកគេបានបាញ់ប្រហារគ្នាជាលើកដំបូងរាប់ចាប់តាំងពីសហរដ្ឋអាមេរិកបានយល់ព្រមលើបទឈប់បាញ់ជាមួយទីក្រុងតេអេរ៉ង់កាលពី២ខែមុន។ ប្រទេសទាំងពីរបានព្រមានថាពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារសងសឹកគ្នាទៅវិញទៅមក ប្រសិនបើភាគីណាមួយបង្កឡើងមុន។ អរិភាពដែលបានបន្ត ក៏បានបង្កើនក្តីព្រួយបារម្ភថាតំបន់មជ្ឈិមបូព៌ាអាចធ្លាក់ចូលទៅក្នុងសង្គ្រាមទ្រង់ទ្រាយធំឡើងវិញដែរ។ នាង Forroghi ដែលជាអ្នករស់នៅទីក្រុងតេអេរ៉ង់បាននិយាយថា «មិនមែនគ្រាន់តែខ្ញុំទេ គឺមានមនុស្សគ្រប់គ្នាគឺខ្លាចមានសង្គ្រាមណាស់។ នៅពេលនោះខ្ញុំមានការព្រួយបារម្ភអំពីកូន២នាក់របស់ខ្ញុំដែលកំពុងរៀននៅសាលាមត្តេយ្យ មិត្តរួមការងាររបស់ខ្ញុំបានសួរថាហេតុអ្វីបានជាអ្នកយំ គឺមូលហេតុនៃសង្រ្គាមនេះឯង» ។ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈមក សង្គ្រាមនេះបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ ជំរុញឱ្យតម្លៃថាមពលកើនឡើងនៅជុំវិញពិភពលោក និងធ្វើឱ្យតម្លៃមូលដ្ឋានគ្រឹះជាច្រើន រួមទាំងអាហារឡើងថ្លៃជាងមុន។ មន្ត្រី​មិនអាច​ប្រែក្លាយ​បទឈប់បាញ់កាលពី​ខែមេសា​ទៅជាកិច្ចព្រមព្រៀង​មួយ​ដើម្បីបញ្ចប់ជម្លោះ​ជាអចិន្ត្រៃយ៍​បានទេ។ ការវាយប្រហារ​ថ្មីៗ​នេះ​បានជំរុញ​ឲ្យ​ប្រធានាធិបតី​អាមេរិក Donald Trump អំពាវនាវ​ឲ្យ​បញ្ឈប់​ការប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់​ជាបន្ទាន់ដែរ។ មិនយូរប៉ុន្មាន បញ្ជាការ​រួម​របស់​យោធា​អ៊ីរ៉ង់​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​និយាយថា ខ្លួន​កំពុង​បញ្ឈប់​ការវាយប្រហារនោះហើយ។ ចំណែកសេចក្តីថ្លែងការណ៍​នោះ​បាននិយាយទៀតថា «ការឈ្លានពាន និង​សកម្មភាព​អរិភាព» នឹងមានបន្ថែមទៀត​ដោយសារ​អ៊ីស្រាអែល និង​អ្នកគាំទ្រ​របស់ខ្លួនស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​លីបង់ នឹងត្រូវ​ប្រឈមមុខ​នឹង «វិធានការ​ធ្ងន់ធ្ងរ និង​កំទេច​ពួកគេលើសមុន»។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Benjamin Netanyahu បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​ជាវីដេអូថា ការប្រយុទ្ធ​គ្នា​ជុំ​បច្ចុប្បន្ន​បាន​ចប់​ហើយ។ ប៉ុន្តែលោកក៏បានព្រមានផងដែរថា ប្រសិនបើអ៊ីរ៉ង់ «ធ្វើខុស ហើយត្រឡប់មកវាយប្រហារយើងវិញ យើងនឹងឆ្លើយតបដោយកម្លាំងយោធាយ៉ាងចាស់ដៃវិញដែរ»៕
 
សម្រួលអត្ថបទ៖ សុផារិន្ទ