ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំស្តីពីការតាក់តែង និងរៀបចំអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមមេធាវីក្រសួងព័ត៌មាន និងក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន
ភ្នំពេញ៖ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការតាក់តែង និងរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមមេធាវីក្រសួងព័ត៌មាន និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ក្នុងការបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នាដើម្បីស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កន្លងមកដែលប្រកាសឱ្យក្រុមមេធាវីស័គ្រ្មចិត្តសម្តេចតេជោ ការពារក្តីជូនអ្នកសារព័ត៌មាន កាលពីជំនួបរវាងសម្ដេចតេជោជាមួយអ្នកសារព័ត៌មានលើកទី៤ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។
ឯកឧត្តម សុខ ប្រសិទ្ធិ បានគូសបញ្ជាក់ថា
តាមការសម្របសម្រួលការពារក្តីដល់អ្នកសារព័ត៌មានដែលរងបណ្តឹងនៅតុលាការ និងបានដាក់ពាក្យស្នើសុំមកក្រសួងព័ត៌មានតាមនីតិវិធីផ្តល់មេធាវីស្ម័គ្រចិត្តសម្តេចតេជោ ជូនក្រសួងព័ត៌មាន ដើម្បីការពារក្តីដល់អ្នកសារព័ត៌មាន ។
ទាក់ទងនឹង MOU រវាងក្រសួងព័ត៌មាន និងមេធាវីសម្តេចតេជោ គឺគ្រាន់តែមានជំនួបរវាងថ្នាក់ដឹកនាំទាំងពីរកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដែលក្រោយមកក្រសួងព័ត៌មាន បានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការសម្របសម្រួលដោះស្រាយវិវាទអ្នកសារព័ត៌មាន។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ជាយន្តការនៃការផ្តល់មេធាវីការពារដល់អ្នកសារព័ត៌មាន ត្រូវគោរពលើយន្តការចំនួន៣ គឺ (១) ការពិនិត្យលើអង្គភាពសារព័ត៌មានដែលបានចុះបញ្ជី (២) អង្គហេតុ និង(៣) ពិនិត្យលើទិដ្ឋភាពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
តាមរយៈនៃកិច្ចប្រជុំនាឱកាសនេះ បានផ្តោតលើការពិនិត្យ និងផ្លាស់ប្តូរយោបល់លើខ្លឹមសារសំខាន់ៗនៃអនុស្សរណៈ ដើម្បីធានាឱ្យមានភាពស៊ីសង្វាក់គ្នា ស្របតាមបទប្បញ្ញត្តិច្បាប់ និងតម្រូវការជាក់ស្តែងនៃការអនុវត្តការងារ។ ជាពិសេស ដើម្បីប្រមូលធាតុចូលពីកិច្ចប្រជុំ ក្នុងការបង្កើតអនុស្សរណៈរួមគ្នារវាងក្រសួងព័ត៌មាន និងក្រុមមេធាវីសម្តេចតេជោសែន។ កិច្ចប្រជុំនាឱកាសនេះ ក៏បានពិភាក្សាអំពីយន្តការសហប្រតិបត្តិការ ការផ្តល់ប្រឹក្សាផ្នែកច្បាប់ ការចែករំលែកបទពិសោធន៍ និងការគាំទ្រផ្នែកវិជ្ជាជីវៈ ដើម្បីរួមចំណែកដល់ការពង្រឹងសមត្ថភាពមន្ត្រីជំនាញ។ កិច្ចការងារនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មានក្នុងការជំរុញកិច្ចសហការផ្នែកច្បាប់ គ្នាជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន។
ឯកឧត្តមរដ្ឋលេខាធិការ បានគួសបញ្ជាក់ថា
ក្រសួងព័ត៌មាន បានផ្តោតលើផ្នែកនីតិកម្មផងដែរ ដោយបានជួបពិភាក្សាការងារជាមួយក្រុមអ្នកច្បាប់ទីស្តីការគណៈរដ្ឋមន្រ្តី និងការពង្រឹងកិច្ចសហការដែលមានស្រាប់ ជាមួយក្រុមមេធាវីសម្តេចតេជោសែន ហើយត្រៀមរៀបចំ អនុស្សរណៈ MOU រួមគ្នាដើម្បីឱ្យស្របនឹងនីតិវិធី ដែលបង្ហាញឱ្យឃើញពីការគាំពារ និងលើកស្ទួយសេរីភាពសារព័ត៌មាន។ ក្រុមមេធាវីសម្តេចតេជោសែន បានសហការជាមួយ ក្រសួងព័ត៌មាន តាំងពីរដ្ឋមន្រ្តីអាណត្តិមុន ហើយសម្រាប់អាណត្តិថ្មីនេះ គឺជាបន្តកិច្ចសហការល្អជាមួយគ្នាបន្តទៀត ដើម្បីរួមគ្នាគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវតាមផ្លូវច្បាប់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីនៅជានាយករដ្ឋមន្រ្តី ដែលអនុញ្ញាត្តអោយក្រុមមេធាវី សម្តេចជួយដល់អ្នកសារព័ត៌មាន ដែលបំពេញការងារបានត្រឹមត្រូវ៕




