ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត លោក សោម យ៉ាន ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច និងលោក ង៉ែត សុផល អភិបាលស្រុកស្តីទីនៃគណ:អភិបាលស្រុកកំពង់ត្រាច ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកកំពង់ត្រាច ប្រមាណ៣០០នាក់។
ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាច គួរគិតគូរពិចារណាចំពោះទម្លាប់ការធ្វើកសិកម្មតាមបែបប្រពៃណី ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើប ដែលជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិតផលកសិកម្ម។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយ ដែលអាចជួយឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ ចំពោះបញ្ហាប្រឈម ដែលប្រជាកសិករតែងតែជួបប្រទះនោះមានបីចំណុចសំខាន់ៗ គឺ៖ (១) បញ្ហារឿងទុនសម្រាប់ធ្វើ ឬផលិតផលកសិកម្ម។ (២) បញ្ហាបច្ចេកទេសក្នុងការផលិត ដែលរួមមានការប្រើប្រាស់ជី ថ្នាំ ឬបច្ចេកទេសសម្រាប់ការចិញ្ចឹមសត្វ បញ្ហាបង្កបង្កើនផលបានហើយខ្វះទីផ្សារសម្រាប់លក់ ដោយបញ្ហានេះត្រូវកំណត់ជាមុននៅផលិតផល ដែលមានទីផ្សារ មុននឹងសម្រេចចិត្តបង្កបង្កើនផល និង(៣) គឺបញ្ហាថ្លៃដើមសម្រាប់ផលិត ដែលថ្លៃដើមផលិតនេះ គឺជាការកំណត់នូវការខាត ឬចំណេញរបស់កសិករ នៅក្នុងការធ្វើកសិកម្ម។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច បានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ ចម្លងសំឡេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និង(២) ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន កេងចំណេញលើកសិករ៕




