រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ការប្រើប្រាស់យានយន្តអគ្គិសនី បានចូលរួមចំណែកសំខាន់ ដល់កិច្ចគាំពារបរិស្ថាន ជួយវិស័យការដឹកជញ្ជូនបៃតង និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងការលើកកម្ពស់ការប្រើប្រាស់រថយន្ត ដំណើរការដោយថាមពលអគ្គិសនី និងមេត្រីបរិស្ថាននៅប្រទេសកម្ពុជា” រវាង ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រួល (ខេមបូឌា) ឯ.ក នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ការប្រើប្រាស់យានយន្តអគ្គិសនី (EV) ស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (ឧស្ម័នកាបូនឌីអុកស៊ីត) ការកាត់បន្ថយការបំពុលខ្យល់ ចេញពីប្រេងឥន្ធនៈបញ្ចេញដោយយានយន្ត និងការលើកកម្ពស់ថាមពលបៃតង។ ឯកឧត្តម បានមានប្រសាសន៍ផងដែរថា ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា គឺជាយុទ្ធសាស្ត្រស្នូល ក្នុងការអនុវត្តរបាយការណ៍ រួមចំណែកជាតិ NDC3.0 តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីវិស័យដឹកជញ្ជូន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តសាធារណជនឱ្យចូលរួមអនុវត្ត យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងការសម្រេចបាននូវសសរស្តម្ភទាំង៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីធានាបាននូវសុខុមាលភាព និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព។

សូមបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្ទ្រៀល (ខេមបូឌា) ឯ.ក ផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការការពារបរិស្ថាន និងការលើកកម្ពស់ការប្រើប្រាស់រថយន្ត ដំណើរការដោយថាមពលអគ្គិសនី និងបច្ចេកវិទ្យាមេត្រីបរិស្ថាននៅកម្ពុជា។ នេះជាភាពជាដៃគូនេះតំណាងឱ្យជំហានដ៏សំខាន់មួយទៀត នៅក្នុងដំណើររបស់ប្រទេសកម្ពុជា ឆ្ពោះទៅរកអនាគតដែលពោរពេញដោយភាពស្អាត ភាពបៃតង និងចីរភាព។

កម្ពុជាជំរុញការប្រើប្រាស់រថយន្តអគ្គិសនី (EV) ដើម្បីឆ្លើយតបនឹងគោលនយោបាយអាកាសធាតុ ដោយផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការកំណត់ទិសដៅកាត់បន្ថយ ឧស្ម័នផ្ទះកញ្ចក់ដើម្បីឆ្ពោះទៅរក អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ កម្ពុជាបានតាំងចិត្តបង្កើនការប្រើប្រាស់ រថយន្តអគ្គិសនី ឱ្យបានចន្លោះពី ៣៥ ទៅ ៤០% និងម៉ូតូអគ្គិសនីឱ្យដល់ ៧០% នៅត្រឹមឆ្នាំ២០៥០៕