លោកជំទាវ ឌិត នីតា សាយសំអាល់ អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យ នៅសាលាបឋមសិក្សា ហ៊ុនសែន មិត្តភាព

ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ នេះ សាលាបឋមសិក្សា ហ៊ុនសែន មិត្តភាព ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ បានរៀបចំពិធីប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា ព្រមទាំងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារបណ្ណាល័យ និងសមិទ្ធផលនានា ក្រោមអធិបតីភាព លោកជំទាវ ឌិត នីតា សាយសំអាល់។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដីពាក់ព័ន្ធ លោកគ្រូ-អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សយ៉ាងច្រើនកុះករ

នៅក្នុងឪកាសនោះ លោកស្រីនាយិកា គឹម ឆេង បានជម្រាបជូនពីវឌ្ឍនភាពរបស់សាលាដោយគូសបញ្ជាក់ថា៖ បច្ចុប្បន្នសាលាបឋមសិក្សា ហ៊ុនសែន មិត្តភាព មានអគារសិក្សាចំនួន ៣ខ្នង ស្មើនឹង ៣៧បន្ទប់ និងមានសិស្សានុសិស្សសរុបចំនួន ២,៩១២នាក់ (ស្រី ១,៤៣៤នាក់)។ ក្រោមការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូ សាលាបានដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងចលនាប្រឡងប្រណាំង «សាលាស្តង់ដារសាធារណៈគំរូក្នុងវិស័យអប់រំ» ដោយទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ហើយបច្ចុប្បន្នកំពុងរង់ចាំលទ្ធផលក្នុងវគ្គផ្តាច់ព្រ័ត្រ។

ថ្លែងទៅកាន់អង្គពិធីទាំងមូល លោកជំទាវ ឌិត នីតា សាយសំអាល់ បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជានិច្ចកាល ឯកឧត្តមតែងតែយកចិត្តទុកដាក់ខ្ពស់លើការងារអភិវឌ្ឍន៍មូលដ្ឋាន ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជាពិសេសគឺការលើកកម្ពស់វិស័យអប់រំ។

ទន្ទឹមនឹងនេះ លោកជំទាវបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសប្បុរសជន គណៈគ្រប់គ្រងសាលា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានបរិច្ចាគទាំងកម្លាំងកាយ ចិត្ត និងថវិកា ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រហូតធ្វើឱ្យសាលារៀនមួយនេះក្លាយជាសាលាគំរូ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏មានសក្តានុពល។

ឱកាសនោះដែរ លោកជំទាវបានលើកឡើងនូវអនុសាសន៍គន្លឹះសំខាន់ៗ ជូនដល់មាតាបិតា និងលោកគ្រូ-អ្នកគ្រូ រួមមាន៖

សាលារៀនគឺជាស្ពានតភ្ជាប់ ចំណែកឯមាតាបិតាគឺជាគូមបង្ហាញផ្លូវដល់កូនៗ។ ការធ្វើជាគំរូល្អ និងការកសាងសុភមង្គល សុខដុមរមនាក្នុងគ្រួសារ គឺមានឥទ្ធិពល និងសារៈសំខាន់បំផុតសម្រាប់ផ្លូវចិត្ត ការសិក្សា និងអនាគតរបស់កុមារ។

សាលាត្រូវយកចិត្តទុកដាក់ បញ្ចូលការសិក្សាតាមបែបឌីជីថលទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យសិស្សានុសិស្សដើរទាន់ការវិវត្តនៃសម័យកាលបច្ចុប្បន្ន។លោកជំទាវក៍បាន សម្តែងការអរគុណចំពោះ លោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានលះបង់ និងខិតខំប្រឹងប្រែងអប់រំទូន្មានប្រដៅទាំងចំណេះដឹង និងចរិយាសម្បត្តិដល់សិស្សានុសិស្ស។

ជាទីបញ្ចប់ លោកជំទាវ ឌិត នីតា សាយសំអាល់ បានផ្តល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណជូនដល់សប្បុរសជន និងម្ចាស់ឧបត្ថម្ភ, ប្រគល់ប័ណ្ណសរសើរលើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូ និងសិស្សពូកែ, ព្រមទាំងបានចែកសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សចំនួនជាង ៤០០នាក់។ ដោយឡែក លោកគ្រូ-អ្នកគ្រូទាំងអស់ ក៏ទទួលបានថវិកាឧបត្ថម្ភលើកទឹកចិត្តក្នុងម្នាក់ៗចំនួន ៥០,០០០ រៀល ផងដែរ។

បន្ទាប់មក លោកជំទាវអធិបតី បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារបណ្ណាល័យ និងសមិទ្ធផលនានា ព្រមទាំងបានប្រសិទ្ធពរជ័យជូនដល់អង្គពិធីទាំងមូល និងជូនពរឱ្យសាលាបឋមសិក្សា ហ៊ុនសែន មិត្តភាព ទទួលបានជ័យលាភីជា សាលាគំរូទូទាំងប្រទេស នាពេលឆាប់ៗខាងមុខនេះ៕

 

អត្ថបទ: មន សូត្រ