ឯកឧត្តម ប្រាក់ ថាវអមិដា ថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ឆ្នាំ២០២៦ សិនយ៉ាង ខេត្តលៀវនីង សាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ —ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើក វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ក្រោមមូលបទ “ការរួមបញ្ចូលប្រព័ន្ធផ្សព្វផ្សាយសម្រាប់កំណើនរួម៖ បើកទំព័រថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន”។

ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការកោតសរសើរដ៏ស្មោះស្ម័គ្ររបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ជូនចំពោះមជ្ឈមណ្ឌលអាស៊ាន-ចិន អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិចិន និងអាជ្ញាធរទីក្រុងសិនយ៉ាង ដែលបានរៀបចំវេទិកានេះប្រកបដោយការយកចិត្តទុកដាក់ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ថា វេទិកានេះធ្វើឡើងនៅក្នុងបរិបទដ៏មានសារៈសំខាន់ ខណៈអាស៊ាន និងចិនកំពុងប្រារព្ធខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងខួបលើកទី៣៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ ទំនាក់ទំនងនេះបានរីកចម្រើនលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការជាក់ស្តែង និងការប្តេជ្ញារួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព។ ឯកឧត្តមបានបញ្ជាក់ថា សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយគឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងភាពជាដៃគូអាស៊ាន-ចិន ដោយដើរតួនាទីជាស្ពានសម្រាប់លើកកម្ពស់ការយល់ដឹងទៅវិញទៅមក ការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងរបស់សាធារណជនអំពីផលប្រយោជន៍ជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។ ឯកឧត្តមបានលើកឡើងថា ការរួមបញ្ចូលគ្នារវាងសារព័ត៌មានបែបប្រពៃណី វេទិកាឌីជីថល បញ្ញាសិប្បនិម្មិត និងការផលិតមាតិកាច្នៃប្រឌិត បានបង្កើតឱកាសថ្មីៗសម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងការផ្សព្វផ្សាយរឿងរ៉ាវរួមរបស់តំបន់ឱ្យមានជម្រៅ ទូលំទូលាយ និងជិតស្និទ្ធជាមួយប្រជាជនកាន់តែខ្លាំង។ ទន្ទឹមនឹងនេះ ឯកឧត្តមបានកត់សម្គាល់ថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាក៏នាំមកនូវបញ្ហាប្រឈមថ្មីៗ ដូចជា ព័ត៌មានមិនពិត (Deepfake) ការឆបោកតាមអនឡាញ និងការប្រើប្រាស់ឧបករណ៍ឌីជីថលខុសគោលដៅ ដែលអាចប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ សុខដុមរមនាសង្គម និងសុចរិតភាពព័ត៌មាន។

ឯកឧត្តមក៏បានស្វាគមន៍ចំពោះការចាប់ផ្តើមគំនិតផ្តួចផ្តើម “អ្នកបង្កើតមាតិកាបណ្តាញសង្គមអាស៊ាន-ចិន” ដោយចាត់ទុកថា ជាគំនិតផ្តួចផ្តើមទាន់ពេលវេលា និងមានសារៈសំខាន់ ស្របពេលអ្នកបង្កើតមាតិកាឌីជីថលកំពុងក្លាយជាដៃគូដ៏មានឥទ្ធិពលក្នុងការប្រាស្រ័យទាក់ទងសាធារណៈ ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

ជាចុងក្រោយ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន ចិន វិទ្យាស្ថានស្រាវជ្រាវ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងដៃគូទំនាក់ទំនងឌីជីថល ដើម្បីឱ្យវេទិកានេះក្លាយជាវេទិកាសម្រាប់សន្ទនា និងជាកាតាលីករជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ភាពជាដៃគូរឹងមាំ និងផលប្រយោជន៍រួមសម្រាប់តំបន់ និងប្រជាជនទាំងអស់។

_cuva
_cuva
_cuva

_cuva