ប្រទេសចិនបានឆ្លើយតបជាបន្ទាន់នូវស្ថានភាពជំនន់ទឹកភ្លៀងកម្រិតទី IV ក្នុងតំបន់ជាច្រើននាភាគខាងត្បូង និងបង្ខំចិត្តជម្លៀសមនុស្សជាង១ម៉ឺននាក់ចេញ

ក្រសួងធនធានទឹករបស់ប្រទេសចិនបានធ្វើឆ្លើយតបជាបន្ទាន់នូវស្ថានភាពទឹកជំនន់កម្រិត IV (ទី៤) សម្រាប់តំបន់ក្នុងដែនសមត្ថកិច្ចនៃខេត្តចំនួន៦នៅថ្ងៃអាទិត្យនេះ រួមទាំងទីក្រុង Chongqing និង Guizhou ។ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ជាច្រើននៃខេត្ត Guizhou ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ៧ខែមិថុនានេះ ដែលបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ។ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានធ្វើសកម្មភាពជួយសង្គ្រោះគ្នាយ៉ាងឆាប់រហ័ស ដោយបានផ្លាស់ទីលំនៅដល់មនុស្សជិត ១ម៉ឺននាក់ទៅកាន់ទីកន្លែងសុវត្ថិភាព។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានឲ្យដឹងថាកម្រិតទឹកទន្លេជាច្រើននៅទូទាំងតំបន់ត្រូវបានគេរំពឹងថានឹងកើនឡើង ដោយទន្លេខ្នាតតូច និងមធ្យមនៅក្នុងតំបន់ដែលរងគ្រោះដោយព្យុះភ្លៀងប្រឈមនឹងហានិភ័យនៃទឹកជំនន់លើសពីកម្រិតព្រមានទៅទៀត។ តំបន់ភ្នំក៏ងាយនឹងរងគ្រោះដោយទឹកជំនន់ផងដែរ។ អាជ្ញាធរមូលដ្ឋានបានចាប់ផ្តើមប្រតិបត្តិការឆ្លើយតបបន្ទាន់ក្នុងរយៈពេល ២៤ម៉ោង ហើយនៅចុងថ្ងៃសប្តាហ៍នេះ ក្រុមសង្គ្រោះបន្ទាន់បានជម្លៀសប្រជាជនចំនួន ១,៣៧៧នាក់ ពីគ្រួសារចំនួន ៤៩១និងបានជួយសង្គ្រោះមនុស្សជាង ៥០នាក់ដែលជាប់គាំងថែមទៀតផង។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតរួមមានទីក្រុង Qianxi ទីក្រុង Zunyi និងស្រុក Changshun ជាដើម។ ចំណែកនៅក្នុងស្រុកឆាងស៊ុន ប្រជាជនជាង ៣.០០០ នាក់មកពីគ្រួសារប្រហែល ១.០០០ គ្រួសារនៅក្នុងភូមិនានា ដែលស្ថិតនៅខាងក្រោមអាងស្តុកទឹក បានខុង ត្រូវគេបំលាស់ទីលំនៅដោយសុវត្ថិភាព បន្ទាប់ពីការដាច់ចរន្តអគ្គិសនី ដែលបានប៉ះពាល់ដល់ប្រតិបត្តិការអាងស្តុកទឹក និងនាំឱ្យទឹកហៀរចេញមកក្រៅ។ ចំពោះទីក្រុងឆុងឈីងវិញ យោងតាមរបាយការណ៍របស់កាសែតប៉េកាំងដេលី បានឲ្យដឹងថាចាប់ពីម៉ោង ៨ ព្រឹកថ្ងៃអាទិត្យ ដល់ម៉ោង ៨ព្រឹកថ្ងៃចន្ទនេះ មានភ្លៀងធ្លាក់កាន់តែខ្លាំងឡើងនាភាគខាងលិច និងភាគអាគ្នេយ៍ឆុងឈីង ហើយបានបណ្តាលឱ្យទន្លេចំនួន៩ឡើងលើសកម្រិតប្រកាសអាសន្ន។ មកដល់ពេលនេះក្រុមអ្នកឆ្លើយតបបន្ទាន់កំពុងធ្វើការលើការបង្ហូរទឹកដែលហៀរនោះចេញ ដើម្បីធានាថាចរាចរណ៍នឹងស្តារឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

សម្រួលអត្ថបទ៖ សុផារិន្ទ