«ចាក់បាញ់ឆែវ ១០០ខ្ទះ» ក្នុងពេលតែមួយ របស់អ្នកភូមិថ្មី ស្រុកកោះសូទិន ចែកជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរពិសារដោយឥតគិតថ្លៃ

ខេត្តកំពង់ចាម ៖ អ្នកភូមិថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម បានរៀបចំកម្មវិធី «ចាក់បាញ់ឆែវ ១០០ខ្ទះ» ចែកជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានភ្លក់ និងពិសារដោយឥតគិតថ្លៃ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ ក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបង្ហាញនូវក្តីរំភើប និងការកោតសរសើរ ចំពោះពុកម៉ែ បងប្អូន អ្នកភូមិថ្មី ឃុំកោះសូទិន ទាំងអស់ដែល ដែលបានបង្កើតកម្មវិធីដ៏ពិសេសនេះឡើង ដែលបញ្ជាក់អំពីសាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងសហគមន៍មួយ ប្រប្រកបដោយសុភមង្គល ក្រោមដំបូលនៃម្លប់សុខសន្តិភាព សម័យតេជោ-ធិបតី។

ទន្ទឹមនឹងការកោតសរសើរ លោកអភិបាលខេត្ត ក៏បានស្នើដល់អ្នកភូមិថ្មី ឃុំកោះសូទិន បន្តថែរក្សានូវទំនៀមទម្លាប់ដ៏មួយនេះឲ្យបានគង់វង្សយូរអង្វែង៕