ក្រុមការងារអាហារូបករណ៍ អ.ម.ត ខេត្តព្រះសីហនុ ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ អ.ម.ត សិក្សានៅខេត្តព្រះសីហនុ ឆ្នាំសិក្សា២០២៦-២០២៧
រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក ស៊ាង ឡេង អនុប្រធានក្រុមការងារ តំណាងឯកឧត្តម ម៉ាង ស៊ីណេត ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី (អ.ម.ត) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅខេត្តព្រះសីហនុ ឆ្នាំសិក្សា២០២៦-២០២៧ នៅស្នាក់ការសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តព្រះសីហនុ។
ថ្លែងក្នុងឱកាសនៃជំនួប លោកអនុប្រធាន បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី និងជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ក៏ដូចជាពី ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានក្រុមការងារ ដល់និស្សិតជ័យលាភី។ លោក បានបន្តជំរុញឱ្យនិស្សិតពង្រឹងសមត្ថភាព និងចំណេះដឹង ដោយត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីសមត្ថភាព ទាញយកចំណេះដឹងពីសាកលវិទ្យាល័យឱ្យបានជាអតិបរមា ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់ចូលរួមកសាង និងអភិវឌ្ឍសង្គមជាតិ។ ទន្ទឹមនេះ និស្សិតត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងសុជីវធម៌ សីលធម៌ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសខ្លួនឯង សមាគម អ.ម.ត ក៏ដូចជាប៉ះពាល់ដល់សង្គមជាតិ។
ជាមួយគ្នានេះ តំណាងនិស្សិតជ័យលាភី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបការៈដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែផ្តល់ឱកាសដល់យុវជនឱ្យបានបន្តការសិក្សា និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំថាខិតខំរៀនសូត្រឱ្យទទួលបានលទ្ធផលល្អប្រសើរ។
ប្រភព: អ.ម.ត ខេត្តព្រះសីហនុ




