ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ សិស្សានុសិស្សបាននាំគ្នាលេងកីឡាយ៉ាងសកម្ម ក្រោយទទួលបានសម្ភារកីឡាដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។
ក្នុងនាមនាយកសាលា គណៈគ្រប់គ្រង លោកគ្រូ អ្នក គ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត បានសម្តែងការកោតសរសើរ និងសាទរចំពោះការរួមចំណែករបស់សង្គមស៊ីវិលនៃប្រទេសយេីងទាំងពីរ កម្ពុជានិងចិន ដែលជានិច្ចកាលមិនត្រឹមតែបានជួយទ្រទ្រង់ដល់ការសាងសង់អគារសិក្សា ការផ្តល់កាតាប និងសម្ភារសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាពរាងកាយ និងការអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្សតាមរយៈវិស័យកីឡាផងដែរ។ បេសកកម្មនេះ ត្រូវបានលោកអភិបាលស្រុករំលេចពីសមិទ្ធផលដែលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានផ្តល់ជូនដល់ប្រជាននៅស្រុកបាទីតាំងពីឆ្នាំ២០១៧រៀងមក។
លោក ជា មុនីឫទ្ធិ ប្រធាននាយកដ្ឋានផែនការ និងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានលើកឡើងថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល វេទិកាតែងតែលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យចូលរួមលេងកីឡាជាប្រចាំ ព្រោះកីឡាមិនត្រឹមតែជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍរាងកាយឱ្យមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះស្មារតីសាមគ្គីភាព ការសហការជាក្រុម វិន័យ និងភាពជាអ្នកដឹកនាំ ដែលជាជំនាញសំខាន់សម្រាប់អនាគតរបស់កុមារផងដែរ។
ជាពិសេស កម្មវិធីនៅសាលាបឋមសិក្សាអណ្តូងសំរឹតនេះ គឺជាកម្មវិធីចុងក្រោយនៃការប្រគល់-ទទួលសម្ភារកីឡាចំនួន ២,៥៥០ ឈុត ដែលជាអំណោយរបស់មិត្តចិន សម្រាប់ចែកជូនដល់សាលារៀនចំនួន ៦៧៨ សាលា នៅរាជធានីភ្នំពេញ និងខេត្តចំនួន៨ ផ្សេងទៀត ក្នុងអំឡុងឆ្នាំ២០២៦។ កម្មវិធីនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ភាគីចិនចំពោះវិស័យអប់រំ និងការអភិវឌ្ឍកុមារកម្ពុជា ព្រមទាំងរួមចំណែកលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់សិស្សានុសិស្សនៅតាមសហគមន៍។
សម្ភារកីឡាទាំងនេះមិនត្រឹមតែជាអំណោយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនកម្ពុជា និងចិន ដែលបានរួមគ្នាបណ្តុះធនធានមនុស្សជំនាន់ថ្មីឱ្យមានទាំងចំណេះដឹង សុខភាពល្អ និងស្មារតីសហការសម្រាប់ការអភិវឌ្ឍសង្គមនាពេលអនាគត៕




