ឯកឧត្តម ឈួរ សុបញ្ញា : ការប្រឡងធម្មវិន័យ គឺមិនមែនជាការប្រឡងធម្មតា ប៉ុន្តែជាគ្រឹះសម្រាប់ការក្លាយជាសមណៈមានគុណភាព និងជាប្រភពពន្លឺផ្លូវធម៌ សម្រាប់សង្គមជាតិ

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញចូលរួមក្នុងពិធីកាត់វិញ្ញាសារ ប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ត្រី ទោ ឯក ឆ្នាំសិក្សា២០២៥–២០២៦ ទូទាំងស្រុកកំពង់ត្របែក នៅមណ្ឌលប្រឡងវត្តគ្រើលថ្មី ស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងបរិយាកាសស្ងប់ស្ងាត់ សណ្តាប់ធ្នាប់ និងពោរពេញដោយស្មារតីខិតខំប្រឹងប្រែងរបស់សមណសិស្ស។

ឯកឧត្តមបានប្រសាសន៍ថា ការប្រឡងវិញ្ញាបនបត្រធម្មវិន័យនេះ គឺជាដំណាក់កាលដ៏សំខាន់មួយក្នុងការវាស់វែងចំណេះដឹងផ្នែកព្រះធម៌វិន័យសង្ឃ បន្ទាប់ពីការសិក្សាខិតខំប្រឹងប្រែងរយៈពេលមួយឆ្នាំពេញ។ លើសពីនេះ វាក៏ជាវេទិកាបណ្តុះការយល់ដឹងជ្រាលជ្រៅអំពីព្រះត្រៃបិដក ដើម្បីបង្កើតសមណសិស្សដែលមានគុណភាព សមស្របក្នុងការបន្តបម្រើព្រះពុទ្ធសាសនា និងសង្គមជាតិ។ ការរៀបចំប្រឡងនេះ មិនត្រឹមតែផ្តោតលើលទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែផ្តោតសំខាន់លើការអនុវត្តវិន័យសង្ឃ ដោយទាមទារឱ្យសមណសិស្សគោរពតាមបទបញ្ជាប្រឡងយ៉ាងតឹងរឹង រក្សាសុចរិតភាព និងភាពស្មោះត្រង់ក្នុងការធ្វើវិញ្ញាសា។ នេះជាការបង្ហាញថា ព្រះពុទ្ធសាសនាអប់រំមនុស្សឱ្យមានទាំងបញ្ញា និងគុណធម៌ដំណាលគ្នា។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមបានសំណូមពរសូមឱ្យសមណសិស្សត្រូវប្រឹងប្រែងដោយភាពជឿជាក់លើខ្លួនឯង អានសំណួរឱ្យបានច្បាស់ គិតឱ្យម៉ត់ចត់ និងឆ្លើយដោយផ្អែកលើចំណេះដឹងពិតប្រាកដ។ ការរក្សាអារម្មណ៍ស្ងប់ សុខភាពល្អ និងវិន័យខ្ជាប់ខ្ជួន គឺជាគន្លឹះសំខាន់នាំទៅរកជោគជ័យក្នុងការប្រឡង។

ឯកឧត្តមក៏បានបវរណាបច្ច័យបួនបេក្ខសមណៈទាំង ១២២អង្គ និងប្រគេនបច្ច័យមួយចំនួនដល់ការប្រឡងផងដែរ។ ឯកឧត្តមសូមប្រគេនពរសមណសិស្សគ្រប់អង្គ ប្រឡងបានជោគជ័យ ទទួលបានលទ្ធផលល្អ និងបន្តក្លាយជាកម្លាំងសំខាន់ក្នុងការពង្រឹងព្រះពុទ្ធសាសនា និងសន្តិភាពក្នុងសង្គមខ្មែរ។