មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ បានប្រគល់សម្ភារកីឡាចំនួន ១,០០០ឈុត ជូនដល់មន្ទីរអប់រំ ខេត្តព្រះសីហនុ កំពត និងកែប

ខេត្តព្រះសីហនុ ៖ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅបរិវេណសាលាអនុវិទ្យាល័យ សម្តេចឪ ក្រុងព្រះសីហនុ មានរៀបចំពិធីប្រគល់-ទទួលអំណោយសម្ភារកីឡាឆ្នាំ២០២៦ របស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ជូនដល់មន្ទីរអប់រំ យុវជន និងកីឡា នៃខេត្តព្រះសីហនុ កំពត និងខេត្តកែប។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនផងដែរ។

អំណោយសម្ភារកីឡាដែលបានប្រគល់ជូនមន្ទីរអប់រំខេត្តទាំង៣ នាពេលនេះ មានចំនួនសរុប ១,០០០ ឈុត ដោយក្នុងនោះខេត្តព្រះសីហនុទទួលបានចំនួន ៣៩២ ឈុត។ សម្ភារកីឡាក្នុងមួយឈុតៗ រួមមាន បាល់ទាត់ ០៤គ្រាប់ បាល់ទះ ០៤គ្រាប់ ស្នប់ស៊កបាល់០២ ដងវាយសី០៦ កូនសី១២ អាវត្រនាប់ ១៦អាវ កោណហ្វឹកហាត់១០ កញ្ចែ០២ ខ្សែលោត០៥ ហ្វ្រីសប៊ី (ថាសគប់)០២ សីទាត់០៥ សៀវភៅណែនាំ ០២ក្បាល កាតមិត្តភាព០១ និងប្រអប់វិចខ្ចប់ ០១ឈុត។

ទន្ទឹមនឹងនេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការអរគុណចំពោះ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ដែលតែងតែជួយជ្រោមជ្រែង និងផ្តល់ការឧបត្ថម្ភសម្ភារកីឡាទាំងនេះដល់សាលារៀនក្នុងខេត្តទាំងបី ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពកាយសម្បទារបស់សិស្សានុសិស្ស និងរឹតចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ។

 

ដើម្បីជាការតបស្នង និងកោតសរសើរចំពោះទឹកចិត្តសប្បុរសធម៌នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានផ្តល់ប្រគល់លិខិតថ្លែងអំណរគុណជូនដល់តំណាងម្ចាស់អំណោយផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់នូវអនុសាសន៍ណែនាំ និងការផ្តាំផ្ញើទៅកាន់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដូចជា ចំពោះលោកគ្រូ អ្នកគ្រូ ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងចំណេះដឹងរបស់ខ្លួនជាប្រចាំ ដើម្បីបង្រៀន និងផ្ទេរចំណេះដឹងដល់សិស្សានុសិស្សឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយកែទម្រង់វិស័យអប់រំ សាលារៀនជំនាន់ថ្មី និងសាលា រៀនគំរូរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះសិស្សានុសិស្ស ត្រូវតែខិតខំរៀនសូត្រឱ្យកាន់តែខ្លាំងក្លាជាងមុន ជាពិសេស ត្រូវជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យឆ្លៀតពេលលេងកីឡាដើម្បីសុខភាព ព្រោះថា «កីឡានាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព»។ ការមានសុខភាពល្អ និងប្រាជ្ញាស្មារតីភ្លឺស្វាង នឹងធ្វើឱ្យក្មួយៗក្លាយទៅជាទំពាំងស្នងឫស្សីដ៏រឹងមាំ និងជាធនធានមនុស្សដ៏មានតម្លៃ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងទៅថ្ងៃអនាគត៕

 

អត្ថបទ ៖ស្រីមុំ