ការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ គឺជាអាទិភាពដ៏សំខាន់ ដែលត្រូវអនុវត្តដោយមានភាពយុត្តិធម៌ តម្លាភាព និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំដំណាក់រាំងសហការជាមួយរដ្ឋបាលឃុំដំណាក់រាំងបានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីផលប៉ះពាល់ពីកសិដ្ឋានចិញ្ចឹមជ្រូកដល់គ្រួសារប្រជាពលរដ្ឋភូមិត្រពាំងរុន ដែលបានបន្តអូសបន្លាយជាច្រើនឆ្នាំមកហើយ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងបរិយាកាសបើកចំហ និងស្មោះត្រង់ ដោយមានការចូលរួមពីតំណាងអាជ្ញាធរ មន្ត្រីជំនាញ និងប្រជាពលរដ្ឋពាក់ព័ន្ធ ដើម្បីបង្ហាញមតិយោបល់ ព្រមទាំងលើកឡើងបញ្ហាជាក់ស្តែងដែលកំពុងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ជាកិច្ចចាប់ផ្តើម ក្នុងនាមក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង ឯកឧត្តមបានបញ្ជាក់អំពីការរៀបចំវេទិកានេះ គឺជាការឆ្លើយតបដោយផ្ទាល់ចំពោះសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ពីកសិដ្ឋានចិញ្ចឹមជ្រូកលើដីធ្លី បរិស្ថាន និងសុខភាពជាយូរឆ្នាំ។ ការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ គឺជាអាទិភាពដ៏សំខាន់ ដែលត្រូវអនុវត្តដោយមានភាពយុត្តិធម៌ តម្លាភាព និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ការអភិវឌ្ឍសេដ្ឋកិច្ច មិនអាចបំបែកចេញពីការការពារបរិស្ថាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋបានឡើយ ហើយការរីកចម្រើនពិតប្រាកដ គឺត្រូវធានាថា ប្រជាពលរដ្ឋរស់នៅក្នុងបរិយាកាសស្អាត មានសុវត្ថិភាព និងមានកិត្តិយស។ ក្នុងន័យនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវតែគោរពច្បាប់ និងចូលរួមសហការយ៉ាងស្មោះត្រង់ ដើម្បីដោះស្រាយបញ្ហាដែលកើតមាន។

ឯកឧត្តមបន្តទៀតថា ក្នុងអង្គប្រជុំ ប្រជាពលរដ្ឋបានលើកឡើងយ៉ាងច្បាស់ពីបញ្ហាប្រឈម ដូចជា ក្លិនមិនល្អដែលប៉ះពាល់ដល់សុខភាព ការប៉ះពាល់ដល់ដីកសិកម្ម និងបរិស្ថានរស់នៅ ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ ភាគីពាក់ព័ន្ធក៏បានបង្ហាញពីការយល់ព្រមក្នុងការកែលម្អ និងសហការជាមួយអាជ្ញាធរ ដើម្បីស្វែងរកដំណោះស្រាយសមស្រប។ ជាលទ្ធផល ក្រុមការងារបានឯកភាពលើការចុះពិនិត្យជាក់ស្តែងនៅទីតាំង ការវាយតម្លៃផលប៉ះពាល់ដោយមន្ត្រីជំនាញ និងការរៀបចំវិធានការដោះស្រាយជាក់លាក់ក្នុងរយៈពេល១៥ថ្ងៃ ដោយផ្អែកលើគោលការណ៍ សមធម៌ តម្លាភាព និងប្រយោជន៍រួម។ កិច្ចប្រជុំនេះបានបង្ហាញយ៉ាងច្បាស់ពីស្មារតី “ស្តាប់គ្នា យល់គ្នា ដើម្បីដោះស្រាយរបស់អាជ្ញាធរ និងក្រុមការងារ ក្នុងការបម្រើប្រជាពលរដ្ឋ និងកសាងសហគមន៍ឱ្យមានសុខុមាលភាព និងអភិវឌ្ឍប្រកបដោយចីរភាព។