មនុស្សស្លាប់ជាង ២០នាក់ ក្នុងគ្រោះអគ្គីភ័យឆាបឆេះភោជនីយដ្ឋានដ៏សាហាវនៅទីក្រុង New Delhi ភាគច្រើន គឺជាជនបរទេសមកព្យាបាលជំងឺនៅឥណ្ឌា
អគ្គីភ័យមួយបានឆាបឆេះអគារមួយកន្លែងនៅក្នុងសង្កាត់ដ៏មមាញឹកក្នុងទីក្រុងញូវដេលីកាលពីម្សិលមិញ ដោយបានសម្លាប់មនុស្ស២១នាក់ និងរបួសជាច្រើននាក់ទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Press Trust of India។ អគារនៅក្នុងសង្កាត់ Malviya Nagar ឬ ផ្សារម៉ាល់វីយ៉ា ភាគខាងត្បូងនៃទីក្រុងនេះមានភោជនីយដ្ឋានមួយនៅជាន់ផ្ទាល់ដី និងផ្ទះលំនៅដ្ឋានជាសណ្ឋាគារនៅជាន់ខាងលើ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជនរងគ្រោះភាគច្រើនជាជនបរទេសដែលបានធ្វើដំណើរទៅប្រទេសឥណ្ឌាដើម្បីព្យាបាលជំងឺ។ មន្ត្រីអ្នកពន្លត់អគ្គីភ័យម្នាក់ដែលមានឈ្មោះថា Abhilash Malik បាននិយាយថា ក្រុមពន្លត់អគ្គីភ័យដំបូងបានជួយសង្គ្រោះមនុស្សចំនួន ៣៧ នាក់ចេញពីអគារ និង ជាបន្តបន្ទាប់បានជាង៥០នាក់។ អគ្គីភ័យត្រូវបានគេពន្លត់ ប៉ុន្តែរបៀបដែលវាចាប់ផ្តើមឆាបឆេះនៅមិនទាន់រកមូលហេតុច្បាស់លាស់បានភ្លាមៗនោះទេ។ សពមនុស្សចំនួន៤ត្រូវបានរកឃើញពីកន្លែងកើតហេតុ នេះបើយោងតាមលោក Jitendra Kumar ជាមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្នុងទីក្រុង New Delhi ។ រូបភាពពីកន្លែងកើតហេតុបានបង្ហាញថា អ្នកពន្លត់អគ្គីភ័យបានព្យាយាមពន្លត់អគ្គីភ័យ ខណៈដែលផ្សែងយ៉ាងក្រាស់បហុយចេញពីអគារជាន់ខាងលើ។ ប្រជាជនក្នុងតំបន់ក៏បានចូលរួមជួយក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនោះផងដែរ ដោយខ្លះជួយជម្លៀសមនុស្សដែលជាប់នៅខាងក្នុង និងដឹកជញ្ជូនអ្នករងរបួសមួយចំនួនទៅកាន់កន្លែងសុវត្ថិភាព និង ស្វែងរកសេវាសង្រ្គោះបឋមផ្សេងៗដល់ពួកគេ។ អគ្គីភ័យឆាបឆេះពេលខ្លះគឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌា ព្រោះកន្លែងខ្លះគ្មានច្បាប់សំណង់ច្បាស់លាស់ ហើយបទដ្ឋានសុវត្ថិភាពត្រូវបានបំពានជាញឹកញាប់ដោយក្រុមហ៊ុនសំណង់ និងអ្នកស្រុកមួយចំនួន៕
សម្រួលអត្ថបទ៖ សុផារិន្ទ



