គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បើកប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីជាង ១០០នាក់ និងដកហូតសម្ភារៈអេឡិចត្រូនិកជាច្រើន
នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហទីតាំងអាគារស្នាក់នៅមួយកន្លែង រកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖
– កុំព្យូទ័រយួរដៃ ចំនួន ១១៧គ្រឿង
– ទូរស័ព្ទដៃចំនួន ៤១៥គ្រឿង
– ធុង CPU ចំនួន ១៧ គ្រឿង
– ម៉ូនីទ័រ Monitor ១៩ គ្រឿង
– ម៉ូតូ ១៥គ្រឿង
ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ១១១នាក់ ស្រី ៣៧នាក់ ជាជនជាតិឥណ្ឌូនេស៊ី ក្នុងនោះ ជនជាតិឥណ្ឌូនេស៊ី ចំនួន ១០៨ នាក់ ត្រៀមបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។
ចំណែកជនសង្ស័យទាំង ០៣នាក់ផេ្សងទៀត រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ



