រដ្ឋបាលខេត្តមណ្ឌលគិរីរៀបចំពិធីបួងសួងសូមសេចក្ដីសុខជូនថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ពជួរមុខ នៅភ្នំដោះក្រមុំ (លោកតាស្រុះ យាយផ្លុំ) ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖រដ្ឋបាលខេត្តបានរៀបចំ ពិធីបួងសួងសុំសេចក្តីសុខសន្តិភាព នៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំ ដែលជាទីតាំងជំនឿដ៏ស័ក្តិសិទ្ធិ និងជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋ និងបងប្អូនជនជាតិដើមភាគតិច ស្ថិតក្នុងក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ។

ពិធីនេះប្រារព្ឋឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ដ និង ឯកឧត្តម គង់ គឹមនី អភិបាលខេត្ដមណ្ឌលគិរី និងអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ យុទ្ធជន-យុទ្ធនារី នៃកងកម្លាំងទាំងបី ចាស់ព្រឹទ្ធាចារ្យ តំណាងបងប្អូនជនជាតិដើមភាគតិច ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងស្ញប់ស្ញែងចំពោះភាពអង់អាចក្លាហាន និងកិច្ចខិតខំប្រឹងប្រែងរបស់វីរៈកងទ័ពជួរមុខទាំងអស់។ ឯកឧត្តមបានគូសបញ្ជាក់ថា បងប្អូនកងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន គឺជាខឿនការពារជាតិដ៏រឹងមាំ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត សេចក្តីសុខផ្ទាល់ខ្លួន និងក្រុមគ្រួសារ ឈរជើងយាមល្បាតទាំងយប់ទាំងថ្ងៃ ទោះជាត្រូវប្រឈមនឹងអាកាសធាតុប្រែប្រួល ឬការលំបាកយ៉ាងណាក៏ដោយ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងស្ថិរភាពជូនមាតុភូមិ និងប្រជាពលរដ្ឋនៅផ្ទៃក្នុងប្រទេសឱ្យរស់នៅដោយភាពសុខសាន្ត។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា ពិធីបួងសួងនៅថ្ងៃនេះ គឺជានិមិត្តរូប និងជាការស្តែងចេញនូវការតាំងចិត្តយ៉ាងមុតមាំបំផុតរបស់រដ្ឋបាលខេត្ត ក្នុងការបន្តរក្សា និងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។ ការរួមគ្នារវាងសាសនា និងប្រពៃណីនាពេលនេះ មិនត្រឹមតែជាការគោរពតាមទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ដូនតាយើងប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាស្ពានចម្លងក្នុងការបង្កើនស្មារតីសាមគ្គីភាពធ្លុងមួយដ៏រឹងមាំ រវាងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ ដើម្បីឱ្យមហាគ្រួសារខ្មែររស់នៅប្រកបដោយសេចក្តីសុខរមនា។

ថ្នាក់ដឹកនាំខេត្ត ក៏បានប្រសិទ្ធពរជ័យ ជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តមណ្ឌលគិរី ឱ្យជួបតែសេចក្តីសុខចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ឱ្យកាន់តែមានការរីកចម្រើនជឿនលឿនខ្លាំងក្លាថែមទៀត ៕