សមាគមយានយន្តកម្ពុជា នឹងធ្វើយុទ្ធនាការលើបណ្តាញសង្គមទ្រង់ទ្រាយធំ ដើម្បីជំរុញការប្រើប្រាស់មួកសុវត្ថិភាពស្តង់ដារអន្តរជាតិសម្រាប់កុមារ
សមាគមយានយន្តកម្ពុជា នឹងធ្វើយុទ្ធនាការលើបណ្តាញសង្គមទ្រង់ទ្រាយធំ ដើម្បីជំរុញការប្រើប្រាស់មួកសុវត្ថិភាពស្តង់ដារអន្តរជាតិសម្រាប់កុមារ។
លោក ម៉ើ បូរ៉ា ប្រធានសមាគមយានយន្តកម្ពុជា AAC បានឱ្យដឹងថា យុទ្ធនាការអប់រំ និងផ្សព្វផ្សាយជាសាធារណៈ ក្រោមគម្រោងឈ្មោះ «Heads Up!» ដំណាក់កាលទី៣ (២០២៥–២០២៦) ត្រូវបាននិងកំពុងអនុវត្តយ៉ាងសកម្មតាមរយៈប្រព័ន្ធឌីជីថល ដែលនេះ ជាគម្រោងសហការគ្នាយ៉ាងស្អិតល្មួតនៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
គម្រោងនេះដឹកនាំដោយអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) និងក្រោមការ ឧបត្ថម្ភគាំទ្រពី សហព័ន្ធយានយន្តអន្តរជាតិ (FIA) ។ សម្រាប់នៅក្នុងប្រទេសកម្ពុជា យុទ្ធនាការ ផ្សព្វផ្សាយ លើបណ្តាញសង្គមដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំនិងអនុវត្តផ្ទាល់ដោយ សមាគមយានយន្តកម្ពុជា (Automobile Association of Cambodia) ហៅកាត់ថា AAC ។
លោកបានបន្ដថា ការបង្កើតយុទ្ធនាការនេះឡើង គឺផ្អែកលើតម្រូវការចាំបាច់ក្នុងសង្គម បន្ទាប់ពីការសិក្សាបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាមូលហេតុចម្បងមួយនៃការស្លាប់និងរបួសធ្ងន់ធ្ងរក្នុងចំណោមកុមារនៅកម្ពុជា ជាពិសេស កុមារដែលធ្វើដំណើរតាមម៉ូតូរៀងរាល់ថ្ងៃ ដើម្បីទៅសាលារៀន និង ប្រកបកិច្ចការងារប្រចាំថ្ងៃក្នុង គ្រួសារ ។ ទោះបីជាមានច្បាប់ស្តីពីមួកសុវត្ថិភាពក៏ដោយ ក៏ការពាក់មួកសុវត្ថិភាពរបស់កុមារនៅមិន ទាន់មានការប្រើប្រាស់ទូលំទូលាយនៅឡើយទេ ហើយកុមារជាច្រើនបានពាក់មួកសុវត្ថិភាពដែល មានទំហំសម្រាប់មនុស្សធំ ពាក់មិនបានត្រឹមត្រូវ ឬប្រើប្រាស់មួកដែលមិនអនុលោមតាមស្តង់ដារ សុវត្ថិភាព ។ ស្របពេលដែលកម្ពុជា មានអត្រានៃការប្រើប្រាស់បណ្តាញសង្គមដ៏ខ្ពស់នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ជាពិសេស លើបណ្តាញ Facebook, Instagram និង TikTok ដែលជាប្រភពព័ត៌មាន ចម្បងសម្រាប់មាតាបិតានិងអាណាព្យាបាល សមាគមយានយន្តកម្ពុជា AAC បានជ្រើសរើស យុទ្ធសាស្ត្រផ្សព្វផ្សាយលើបណ្តាញសង្គម ដើម្បីជះឥទ្ធិពលលើឥរិយាបថនិងទម្លាប់នៃការប្រើប្រាស់ មួកសុវត្ថិភាពកុមារឱ្យមានប្រសិទ្ធភាពខ្ពស់។
គួរជម្រាបថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលដៅផ្សព្វផ្សាយទៅកាន់មាតាបិតា និង អាណាព្យាបាល ដែលមានកូនអាយុចន្លោះពី ៣ ដល់ ១៥ ឆ្នាំ ដែលប្រើប្រាស់ម៉ូតូសម្រាប់ដឹកកូនទៅសាលារៀន ជារៀងរាល់ថ្ងៃ ហើយក៏រួមមានក្រុមគោលដៅបន្ទាប់បន្សំដូចជា លោកគ្រូ អ្នកគ្រូ យុវជន និង អ្នកមានឥទ្ធិពលលើបណ្តាញសង្គម៕



