ក្រសួងព័ត៌មាន រៀបចំវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ជំរុញការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងកសាងទំនុកចិត្តក្នុងសង្គមឌីជីថល

ភ្នំពេញ៖ ក្នុងបរិបទដែលព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភាន់កំពុងក្លាយជាបញ្ហាប្រឈមឆ្លងដែនមួយដ៏ស្មុគស្មាញ ក្រសួងព័ត៌មាន បានរៀបចំវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ សម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ» ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត។

វេទិកាពិភាក្សានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នាសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីតំណាងស្ថានទូតចិន និងស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល មន្ត្រីនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន មន្ត្រីនាំពាក្យរាជធានី-ខេត្ត ប្រតិបត្តិករក្នុងវិស័យព័ត៌មាន អ្នកសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ភ្ញៀវជាតិ និង អន្តរជាតិ មកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ចិន ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ប្រមាណ ២៥០នាក់។

វេទិកាដ៏មានសារៈសំខាន់នេះ បានប្រមូលផ្តុំថ្នាក់ដឹកនាំ មន្ត្រីជំនាញ អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ អ្នកបច្ចេកវិទ្យា និងតំណាងស្ថាប័នពាក់ព័ន្ធមកពីបណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ ដើម្បីពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកឧត្តមគតិល្អៗក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលកំពុងជះឥទ្ធិពលដល់សន្តិសុខព័ត៌មាន ស្ថិរភាពសង្គម និងទំនុកចិត្តរបស់សាធារណជន។

វេទិកាដែលបានធ្វើឡើងនាឱកាសនេះ ទទួលបានការគាំទ្រពីមូលនិធិពិសេសក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ពីសាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិន ប្រចាំកម្ពុជា និងការសម្របសម្រួលពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចកក្រកម្ពុជា ក្នុងគោលបំណងដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមករវាងវាគ្មិនមកពីប្រទេសជាសមាជិកមហាអនុតំបន់ មេគង្គពាក់ព័ន្ធនឹងប្រភេទនៃព័ត៌មានក្លែងក្លាយដែលបាននឹងកំពុងរីករាលដាលនៅក្នុងប្រទេសជាសមាជិក បញ្ហាប្រឈមក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ យន្តការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថលក្នុងចំណោមប្រជាជននៃប្រទេសមហាអនុតំបន់មេគង្គ តួនាទីរបស់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមក្នុងការទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ។ ជាពិសេសវិធានការយុទ្ធសាស្ត្រក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងមហាអនុតំបន់មេគង្គ។

ប្រធានបទនៃវេទិកានេះ បានឆ្លុះបញ្ចាំងពីតម្រូវការចាំបាច់ក្នុងការកសាងប្រព័ន្ធព័ត៌មានដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន ខណៈដែលការប្រើប្រាស់បណ្តាញសង្គម និងបច្ចេកវិទ្យាឌីជីថលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ការពង្រឹងភាពធន់នៃប្រព័ន្ធឌីជីថល មិនត្រឹមតែសំដៅលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីរកឃើញ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការលើកកម្ពស់ចំណេះដឹងផ្នែកព័ត៌មាន និងសមត្ថភាពគិតវិភាគរបស់ប្រជាពលរដ្ឋផងដែរ។

អ្នកជំនាញជាច្រើនបានលើកឡើងថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ មិនអាចអនុវត្តដោយស្ថាប័នណាមួយតែម្នាក់ឯងបានឡើយ ប៉ុន្តែទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានរាជរដ្ឋាភិបាល ស្ថាប័នព័ត៌មាន វិស័យឯកជន វេទិកាឌីជីថល និងសាធារណជន។ ការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ ការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន និងការប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ត្រូវបានចាត់ទុកជាកត្តាគន្លឹះក្នុងការកសាងទំនុកចិត្តសាធារណៈ។

ការរៀបចំវេទិកានេះ ក៏បានបង្ហាញពីតួនាទីសកម្មរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតំបន់លើវិស័យព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមមួយកំពុងប្រឈមមុខនៅទូទាំងពិភពលោក។ តាមរយៈការពង្រឹងបណ្តាញកិច្ចសហប្រតិបត្តិការ និងការចែករំលែកចំណេះដឹងរវាងប្រទេសក្នុងមហាអនុតំបន់មេគង្គ វេទិកានេះនឹងរួមចំណែកបង្កើតបរិយាកាសព័ត៌មានប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងភាពជឿជាក់ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ទាំងមូល។

វេទិកាពិភាក្សាមហាអនុតំបន់មេគង្គសម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ មិនត្រឹមតែជាកន្លែងផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារដ៏មានអត្ថន័យមួយ បង្ហាញពីការប្តេជ្ញាចិត្តរួមរបស់បណ្តាប្រទេសក្នុងតំបន់ ក្នុងការការពារការពិត កសាងទំនុកចិត្ត និងធានាថា លំហព័ត៌មានឌីជីថលនឹងក្លាយជាបរិយាកាសដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព៕