ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្តល់ជូនសម្ភារៈបច្ចេកទេសដល់អគ្គនាយកដ្ឋានជំនាញ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផលិតកម្មវិធី ដែលស្ថិតក្នុងក្របខណ្ឌនៃការធ្វើទំនើបកម្មស្ថាប័នក្រសួងព័ត៌មានទាំងផ្នែកទន់ និងផ្នែករឹង
ភ្នំពេញ៖ ក្នុងគោលដៅពង្រឹងសមត្ថភាពការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផលិតកម្មវិធីផ្សព្វផ្សាយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ជូនសម្ភារៈបច្ចេកទេសទំនើបដល់អគ្គនាយកដ្ឋានជំនាញនានា ដើម្បីគាំទ្រដល់ការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការនៃយុគសម័យឌីជីថល។
ការផ្តល់សម្ភារៈបច្ចេកទេសនេះបានធ្វើឡើងគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើទំនើបកម្មស្ថាប័នក្រសួងព័ត៌មាន ដែលផ្តោតលើការអភិវឌ្ឍទាំងផ្នែករឹង និងផ្នែកទន់ សំដៅពង្រឹងសមត្ថភាពមន្ត្រីជំនាញ បង្កើនគុណភាពផលិតកម្មព័ត៌មាន និងកម្មវិធីផ្សព្វផ្សាយ ព្រមទាំងធានាឱ្យការបម្រើសាធារណជនកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ។
ពិធីប្រគល់ និងទទួលសម្ភារៈបរិក្ខាបច្ចេកទេសនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ដោយ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា, អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP , អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ព្រមទាំងអង្គភាពលទ្ធកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការវិនិយោគលើសម្ភារៈបច្ចេកទេស និងធនធានមនុស្ស គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យព័ត៌មាន និងផ្សព្វផ្សាយនៅកម្ពុជា ខណៈដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត និងចែកចាយព័ត៌មានទៅកាន់សាធារណជន។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងព័ត៌មានកំពុងបន្តអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដោយផ្តោតលើការបំពាក់ឧបករណ៍ទំនើប ការពង្រឹងជំនាញមន្ត្រី និងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការងារបែបឌីជីថល ដើម្បីធ្វើឱ្យស្ថាប័នកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពរហ័សរហួនក្នុងការបំពេញបេសកកម្មរបស់ខ្លួន។
មន្ត្រីជំនាញដែលទទួលបានសម្ភារៈបច្ចេកទេស បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយចាត់ទុកថា សម្ភារៈទាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពផលិតកម្ម កែលម្អគុណភាពខ្លឹមសារ និងពង្រីកការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព។
ការផ្តល់សម្ភារៈបច្ចេកទេសនាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មានក្នុងការកសាងស្ថាប័នទំនើប ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា និងការវិវត្តនៃវិស័យព័ត៌មាន សំដៅលើកកម្ពស់គុណភាពសេវាព័ត៌មាន និងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕



