ក្រុមហ៊ុន One More Group និងក្រុមហ៊ុនវីតាល់ ចូលរួមគាំទ្រក្រសួងព័ត៌មាន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីផ្តល់សន្តិសុខព័ត៌មាន ដល់ពលរដ្ឋ
ភ្នំពេញ៖ ក្រុមហ៊ុន វ័នម៉រ គ្រុប ប (One More Group) និងក្រុមហ៊ុនហ៊ុនវីតាល់ បានចូលរួមគាំទ្រក្រសួងព័ត៌មាន នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយទូទាំងប្រទេស ដើម្បីផ្តល់សន្តិសុខព័ត៌មាន ដល់ប្រជាពលរដ្ឋ។
ជាក់ស្តែងនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យ លោកស្រី ឡាវ ជៀជិន ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group) ចូលជួបសម្តែងការគួរសម ដោយក្នុងឱកាសនោះក្រុមហ៊ុន បានបញ្ជាក់ពីការគាំទ្រ និងសហការជាមួយក្រសួងព័ត៌មាន តាមរយៈការផ្តល់នូវអាវយឺតចំនួន ១ ២០០អាវ ដែលនៅខាងមុខដាក់ពាក្យ និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ហើយនៅខាងក្រោយអាវដាក់ពាក្យ យុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ “ ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន ។ ជាមួយនេះ ក្រុមហ៊ុនក៏បានផ្ត់នូវទឹកបរិសុទ្ធ វីតាល់ចំនួន ១០០កេស មកក្រសួងព័ត៌មានផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អានយ៉ាងជ្រាលជ្រៅ និងការចូលរួមចំណែកយកចិត្តទុកដាក់របស់ក្រុមហ៊ុន វីន ម៉រ គ្រុប ចំពោះការងារសង្គម ជាពិសេសការគាំទ្រក្នុងយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន ឱ្យប្រព្រឹត្តទៅដោយរលូន និងផុលផុស។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ក្រុមហ៊ុន វ័នម៉រ គ្រុប និងក្រុមហ៊ុនហ៊ុនវីតាល់ តែងតែធ្វើសកម្មភាពមនុស្សធម៌ជាច្រើននៅកម្ពុជា ហើយនៅពេលនេះក្រុមហ៊ុនបានផ្តល់នូវអាវ ព្រមទាំងការគាំទ្រមួយចំនួនទៀតដល់ក្រសួងព័ត៌មាន ដើម្បីឱ្យក្រសួងបង្កើនសកម្មភាពសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅទូទាំងប្រទេសកម្ពុជា។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនពីផលវិបាកនៃព័ត៌មានក្លែងក្លាយ គឺអាចបង្កចលាចល អាចឱ្យសង្គមមានភាពច្របូកច្របល់ ដែលនាំឱ្យមានការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា និងថវិកា ការបង្ខូចកេរ្តិ៍ឈ្មោះ ប៉ះពាល់ដល់ឯកជនភាព បង្កឱ្យមានការរើសអើង អរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខជាតិជាដើម។
ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយបានយើងត្រូវតាមដាន វិភាគ វាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេលវេលា តាមបែបបុរេសកម្ម ប្រើប្រាស់សំឡេងតែមួយ រួមគ្នាឆ្លើយតបជាប្រព័ន្ធតួអង្គតែមួយ ព្រមទាំងបន្តអភិវឌ្ឍចំណេះដឹងពីបច្ចេកវិទ្យាទំនើប និងជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។
លោកស្រី ឡាវ ជៀជិន បានបញ្ជាក់ថា
ក្នុងនាមជាក្រុមហ៊ុនឯកជនដែលយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍសង្គម និងការទទួលខុសត្រូវសង្គម ក្រុមហ៊ុន One More Group បានចូលរួមគាំទ្រសកម្មភាពផ្សេងៗរបស់ក្រសួងព័ត៌មាន ដើម្បីជំរុញការយល់ដឹងរបស់សាធារណជនអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់ព័ត៌មានដោយមានការត្រួតពិនិត្យប្រភពច្បាស់លាស់មុនពេលចែករំលែកបន្ត។
គូរំលឹកដែរថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២នេះ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួមជាង ២០០០នាក់ ដោយនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីព័ត៌មាន បានគូសបញ្ជាក់ថា «យុវវ័យសម័យនេះ មិនត្រឹមតែត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃពិភពឌីជីថល។ ក្មួយៗត្រូវពង្រឹងខ្លួនឱ្យមានសមត្ថភាពក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏រឹងមាំ ដើម្បីបន្សុទ្ធលំហព័ត៌មានក្នុងសង្គម ការពារគ្រួសារ និងសហគមន៍ពីហានិភ័យ និងគ្រោះថ្នាក់នៃការផ្សាយបំភ្លៃ បំផ្លើស ក្លែងបន្លំ និងបំពុលសង្គម»៕



