ថវិកា ១០៦លានរៀលបានមកពីព្រឹត្តិការណ៍រត់ “ដើម្បីកុមារ ដើម្បីអនាគតយើង” ត្រូវបាន លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រសេវាពិនិត្យ និងព្យាបាលទារក និងកុមារដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងគ្មានការរើសអើង
ភ្នំពេញ៖ ទឹកចិត្តសប្បុរសធម៌ និងក្តីស្រឡាញ់ចំពោះកុមារកម្ពុជា បានបន្តបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈព្រឹត្តិការណ៍រត់ “ដើម្បីកុមារ ដើម្បីអនាគតយើង” ខណៈលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយតំណាងស្ថាប័នសារព័ត៌មាន ASEAN Top News
បាននាំយកថវិកាចំនួន ១០៦លានរៀល ដែលប្រមូលបានមកពីព្រឹត្តិការណ៍នេះ ប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចូលរួមគាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា។
ថវិកាដែលប្រមូលបាននេះ គឺជាផ្លែផ្កានៃការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ស្ថាប័នសារព័ត៌មាន ASEAN Top News អង្គភាពដៃគូ វិស័យឯកជន និងសប្បុរសជនជាច្រើន ដែលបានរួមគ្នាបង្ហាញស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការប្រគល់ថវិកានេះ មិនត្រឹមតែជាការរួមចំណែកផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាសារបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដល់បេសកកម្មមនុស្សធម៌របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននឹងកំពុងផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជារាប់លាននាក់។
ការគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានចាត់ទុកថា ជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគតជាតិ ព្រោះកុមារគឺជាធនធានមនុស្សដ៏សំខាន់ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
សកម្មភាពដ៏មានអត្ថន័យនេះ បានឆ្លុះបញ្ចាំងពីស្មារតី “រួមគ្នាដើម្បីកុមារ រួមគ្នាដើម្បីអនាគត” ដែលជាកម្លាំងជំរុញឱ្យសង្គមកម្ពុជាបន្តបង្កើនការចូលរួមក្នុងកិច្ចការមនុស្សធម៌ និងការថែទាំសុខភាពកុមារ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ព្រមសប្បុរសជនទាំងអស់ ដែលបានចូលរួមថវិកាជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបេសកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
គូរបញ្ជាក់ដែរថា ព្រឹត្តិការណ៍រត់ “ដើម្បីកុមារ ដើម្បីអនាគតយើង” មានការចូលរួមរត់ប្រមាណជិត ២ពាន់នាក់ និងមាន ១១សញ្ជាតិ កាលពីថ្ងៃទី៣០ ខែឧសភា កន្លងមកនេះ មិនត្រឹមតែជាសកម្មភាពកីឡាដើម្បីលើកកម្ពស់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាវេទិកាប្រមូលផ្តុំកម្លាំងសប្បុរសធម៌ពីគ្រប់មជ្ឈដ្ឋាន ដើម្បីរួមចំណែកការពារ និងថែរក្សាជីវិតកុមារកម្ពុជា ឱ្យទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងមានឱកាសរស់នៅប្រកបដោយសុខភាពល្អ៕



