ឯកឧត្តម ឈួរ សុបញ្ញា : ពុទ្ធិកសិក្សា គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍមនុស្ស និងសង្គមខ្មែរ ឱ្យមានសុចរិត សន្តិភាព និងចម្រើនជានិច្ច
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ១៤ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំ២០២៦–២០២៧ នៅសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះធម្មលិខិត លាស់ ឡាយ សន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក។ ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ សមណៈសិស្ស និងថ្នាក់ដឹកនាំ គ្រូបង្រៀន សិស្សានុសិស្ស និងសប្បុរសជនជាច្រើនរូប។
ពិធីបើកបវេសនកាលនេះ មិនត្រឹមជាការចាប់ផ្តើមឆ្នាំសិក្សាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តបេសកកម្មដ៏សំខាន់ក្នុងការបណ្តុះបណ្តាលបញ្ញា សីលធម៌ និងចរិយាធម៌ ដល់សមណៈសិស្ស និងយុវជនខ្មែរ ឱ្យក្លាយជាមនុស្សល្អ មានគុណធម៌ និងមានប្រយោជន៍សម្រាប់សង្គមជាតិ។ ក្នុងឱកាសដ៏មានតម្លៃនេះ សម្ដេចបានប្រទានឱវាទកថាដ៏ជ្រាលជ្រៅ និងមានន័យដាស់តឿនសម្រាប់សមណៈសិស្ស និងយុវជន ដូចតទៅ៖
១. “ការសិក្សាគឺជាគ្រឹះនៃជីវិត និងជាតិ” ដោយសម្ដេចបានសង្កត់ធ្ងន់ថា ការសិក្សាមិនមែនត្រឹមសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែជាគន្លឹះក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិ។ សមណៈសិស្សត្រូវខិតខំរៀនសូត្រ ទាំងវិជ្ជាផ្លូវលោក និងវិជ្ជាផ្លូវធម៌។
២. “សីលធម៌ជាគ្រឿងតុបតែងមនុស្ស”សម្ដេចបានណែនាំឱ្យយុវជនយកចិត្តទុកដាក់លើសីលធម៌ វិន័យ និងការប្រព្រឹត្តល្អ ដើម្បីក្លាយជាគំរូល្អក្នុងសង្គម ព្រោះបុគ្គលដែលមានចំណេះដឹងតែមិនមានសីលធម៌ គឺមិនអាចនាំសង្គមឱ្យរីកចម្រើនបានឡើយ។
៣. “បញ្ញាជាពន្លឺបំភ្លឺជីវិត” ដោយសម្ដេចបានសង្កត់ធ្ងន់ថា ការសិក្សាព្រះធម៌ និងការអនុវត្តព្រះធម៌ នឹងជាបច្ច័យជួយបំភ្លឺចិត្ត ឱ្យចេះដឹងគុណទោស បុណ្យបាប និងជួយឱ្យរស់នៅដោយសុចរិត និងសុខសន្តិភាព។
៤. “យុវជនជាសសរទ្រូងនៃជាតិ” សម្ដេចបានលើកទឹកចិត្តឱ្យយុវជនមានស្មារតីទទួលខុសត្រូវ ខិតខំអភិវឌ្ឍខ្លួន និងចូលរួមបម្រើសង្គម ដើម្បីក្លាយជាកម្លាំងស្នូលសម្រាប់អនាគតជាតិ។



