ខេត្តព្រះសីហនុ សម្លឹងឃើញឱកាសកសិកម្មឆ្លាតវៃ៖ ឯកឧត្តម ម៉ាង ស៊ីណេត ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន Shenzhen Zhenjiang Agricultural Technology
[ក្រុងស៊ិនជិន, ខេត្តក្វាងតុង]៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបពិភាក្សាការងារយ៉ាងសំខាន់ជាមួយប្រតិភូក្រុមហ៊ុន Shenzhen Zhenjiang Agricultural Technology Co., Ltd. ដើម្បីសិក្សាស្វែងយល់ និងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងវារីវប្បកម្មឆ្លាតវៃបែបឌីជីថល។
គួរបញ្ជាក់ថា ក្រុមហ៊ុន Shenzhen Zhenjiang Agricultural Technology Co., Ltd. គឺជាសហគ្រាសបច្ចេកវិទ្យាកសិកម្មបែបថ្មីដ៏លេចធ្លោមួយ ដែលត្រូវបានបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុនធំៗចំនួនពីរគឺ ក្រុមហ៊ុន Jiangsu Zhenjiang New Energy Equipment Co., Ltd និងក្រុមហ៊ុន Beijing Dynamic Power Source Technology Co., Ltd.
សហគ្រាសទាំង២នេះ ត្រូវបានបង្កើតឡើងក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមអ្នកជំនាញជាន់ខ្ពស់ផ្នែកវារីវប្បកម្ម ព្រមទាំងអ្នកជំនាញផ្នែករ៉ូបូត (Robotics) និងបច្ចេកវិទ្យាទិន្នន័យធំ (Big Data )។ បច្ចុប្បន្ន ក្រុមហ៊ុននេះ គឺជាសហគ្រាសនាំមុខគេនៅក្នុងប្រទេសចិន លើវិស័យកសិកម្មឆ្លាតវៃបែបឌីជីថល និងឧស្សាហូបនីយកម្ម។
លើសពីនេះទៅទៀត ក្រុមហ៊ុនមានឯកទេសខ្ពស់លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ព្រមទាំងប្រតិបត្តិការផ្ទាល់លើផ្នែកវារីវប្បកម្មវៃឆ្លាត (Smart Aquaculture) , ប្រព័ន្ធដាំដុះបែបអេកូឡូស៊ី (Ecological Planting Systems) និងការកែច្នៃផលិតផលកសិកម្មកម្រិតខ្ពស់។
ជំនួបពិភាក្សាការងារនេះ គឺជាសញ្ញាណវិជ្ជមានមួយដ៏សំខាន់ ក្នុងការទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មឈានមុខរបស់ចិន ឱ្យមកវិនិយោគ និងនាំយកបច្ចេកវិទ្យាទំនើបៗ មកជួយជម្រុញសក្តានុពលវិស័យកសិកម្ម និងវារីវប្បកម្មនៅក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែមានការរីកចម្រើនស្របតាមយុគសម័យឌីជីថល៕

អត្ថបទ៖ ម៉ារ៉ាឌី


