ឯកឧត្តម ម៉ាង ស៊ីណេត ផ្សព្វផ្សាយពី «ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ» ជូនដល់បណ្តាញធុរជន BNI នៅទីក្រុងស៊ិនជិន ប្រទេសចិន
[ក្រុងស៊ិនជិន, ខេត្តក្វាងតុង]៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំធុរជន និងសហគ្រិននៃបណ្តាញ BNI នៅក្នុងប្រទេសចិន ដើម្បីជម្រុញការទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀតមកកាន់កម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្សព្វផ្សាយផ្ទាល់អំពីសក្តានុពលសេដ្ឋកិច្ចដ៏ខ្លាំងក្លា និងឱកាសវិនិយោគដ៏សម្បូរបែប នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុ។ ជាមួយគ្នានោះដែរ ឯកឧត្តមបានលើកឡើងពីវឌ្ឍនភាពជាក់ស្តែងនៃ «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយខេត្តតំបន់ឆ្នេរមួយនេះ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ឧស្សាហកម្ម បច្ចេកវិទ្យាកម្រិតខ្ពស់នៅក្នុងតំបន់អាស៊ាន។
តាមរយៈការជួបជុំជាមួយតំណាងធុរជន និងសហគ្រិនឈានមុខនៃបណ្តាញ BNI នាពេលនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញនូវជំហរយ៉ាងច្បាស់លាស់ និងបានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសម្របសម្រួល បង្កលក្ខណៈងាយស្រួល និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់រាល់ការវិនិយោគទាំងឡាយមកពីក្រៅប្រទេស។
គួរបញ្ជាក់ផងដែរថា ការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការស្វាគមន៍អ្នកវិនិយោគិននាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងរួមគ្នាជម្រុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងបោះជំហានទៅរកភាពរីកចម្រើន រុងរឿងទ្វេភាគីទាំងអស់គ្នា៕

អត្ថបទ៖ម៉ារ៉ាឌី


