ឯកឧត្តម គន់ គីម អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីលិខិតគតិយុត្ត អ.ន.ក. ក្នុងខេត្តព្រះវិហារ

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធ និងនិវត្តជនកម្ពុជា (អ.ន.ក.) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីលិខិតគតិយុត្តសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងខេត្តព្រះវិហារ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តព្រះវិហារ។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ថ្នាក់ដឹកនាំគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង-ស្រុក សាខា អ.ន.ក.ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល សរុបចំនួនប្រមាណ ៣០០នាក់។

ឯកឧត្តម គន់ គីម មានប្រសាសន៍ថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែរម្លឹកជាប់ជាប្រចាំពីកិច្ចការសកម្មភាពការងាររបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ចំពោះការអនុវត្ត និងការបម្រើសេវាជូនអតីតយុទ្ធជន និងនិវត្តជន ជាពិសេសសមាជិកដែលមានជីវភាពទីទ័ល និងខ្វះខាត ក្នុងការដោះស្រាយជូនពួកគាត់។

ឯកឧត្តម គន់ គីម មានប្រសាសន៍ទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីលិខិតគតិយុត្តសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានគោលបំណងឲ្យមន្រ្តីនៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលតាមមូលដ្ឋាន ស្វែងយល់ពីការរៀបចំនីតិវិធី នៃសមាជិកភាពថ្មីដែលស្នើសុំចូលរួមក្នុងសមាគមទាំងអតីតយុទ្ធជន និងនិវត្តជន ក្រោយពីសមាគមបានអនុម័តឲ្យនិវត្តជនមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគម។

ឯកឧត្តម គន់ គីម ថ្លែងថា វគ្គបណ្តុះបណ្តាលនេះ ក៏ជាឱកាសចែករំលែក និងផ្តល់ការពន្យល់បន្ថែមទៀតពីការអនុវត្តលើនីតិវិធី និងលិខិតគតិយុត្តពីការស្នើសុំផ្ទះ និងដីសម្បទានសង្គមកិច្ចរបស់សមាជិកនីមួយៗ ព្រមទាំងការរៀបចំឯកសារស្នើផ្តល់ប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពជាសមាជិក និងគ្រួសារពលីជាដើម។

ឆ្លៀតក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម គន់ គីម បានណែនាំដល់គណៈកម្មាធិការ អ.ន.ក.គ្រប់ជាន់ថ្នាក់នៃខេត្តព្រះវិហារ ត្រូវក្តាប់ឲ្យបាននូវនីតិវិធី និងលិខិតគតិយុត្តរបស់សមាគម ក្នុងការធានាលើការអនុវត្តការងាររបស់ខ្លួនឲ្យបានម៉ត់ចត់ មានប្រសិទ្ធភាព និងទាន់ពេលវេលាជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន។

ក្នុងនាមសេនាធិការជូនសម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម គន់ គីម បានប្តេជ្ញានឹងពិនិត្យកិច្ចការអាទិភាពចំពោះសមាជិកមានជីវភាពទីទ័ល ដែលស្នើសុំដីសម្បទានសង្គមកិច្ច និងផ្ទះ ដើម្បីពិនិត្យ និងសម្រេចផ្តល់ឲ្យបានគ្រប់ៗគ្នាប្រកបដោយភាពម៉ត់ចតៀ និងតម្លាភាព។

ជាចុងបញ្ចប់ ឯកឧត្តម គន់ គីម បានណែនាំដល់សាខា អ.ន.ក.ឃុំ-សង្កាត់ និងប៉ុស្តិ៍រដ្ឋបាល ដែលនៅជិតសមាជិកតាមខ្នងផ្ទះ ត្រូវចុះពិនិត្យតាមដានជាប់ជាប្រចាំ ដើម្បីចុះសួរសុខទុក្ខ និងអាចក្តាប់បានពីតម្រូវការ ឬសំណូមពរ ក្នុងការដោះបញ្ហាប្រឈមណាមួយដែលសមាជិកជួបការលំបាកជូនពួកគាត់៕