ឯកឧត្តម ឈួរ សុបញ្ញា : កម្មវិធីមនុស្សធម៌ “ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម” ដើម្បីពង្រឹងសាមគ្គីសង្គម និងលើកកម្ពស់តម្លៃមនុស្សធម៌នៅមូលដ្ឋាន

ខេត្តតាកែវ៖ នៅរសៀលថ្ងៃសុក្រ ១៣ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញជាអធិបតីក្នុងកម្មវិធីមនុស្សធម៌ “ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម” ដែលត្រូវបានរៀបចំឡើងនៅបរិវេណវត្តចារ ឃុំចារ ស្រុកព្រៃកប្បាសដោយសមាគមយុវជននៃស្នាមញញឹមកម្ពុជា សហការជាមួយព្រះគ្រូចៅអធិការវត្តចារ ដើម្បីចែកសម្ភារៈជូនគ្រួសារខ្វះខាតចំនួន ៦០គ្រួសារ និងផ្តល់បណ្ណសរសើរជូនយុវជនដែលមានស្នាដៃល្អក្នុងការងារសង្គម។កម្មវិធីនេះ មានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះគ្រូសុតន្តមុនី សែត សុភាព ព្រះគ្រូចៅអធិការវត្តចារ និងជាទីប្រឹក្សាជាន់ខ្ពស់សមាគម លោកជំទាវ ធី ចរិយា សមាជិកក្រុមប្រឹក្សាខេត្ត លោក គិន ភក្តី អភិបាលស្រុកព្រៃកប្បាស ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមាគម អាជ្ញាធរ និងប្រជាពលរដ្ឋសរុបប្រមាណ ១៥០នាក់ ក្នុងបរិយាកាសពោរពេញដោយសេចក្ដីស្រឡាញ់ និងសាមគ្គីភាព។

ក្នុងឱកាសនោះ ព្រះគ្រូសុតន្តមុនី សែត សុភាព ចៅអធិការវត្តចារ បានមានសង្ឃដីកាថា កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីបណ្តុះចិត្តមេត្តាករុណា និងលើកកម្ពស់ស្មារតីចែករំលែកក្នុងសហគមន៍ ព្រមទាំងបណ្តុះយុវជនឱ្យចូលរួមការងារសង្គម និងធ្វើអំពើល្អតាមបែបព្រះពុទ្ធសាសនា។ ព្រមជាមួយនោះ លោកជំទាវបានសម្តែងនូវការកោតសរសើរ ចំពោះការរៀបចំកម្មវិធីនេះ ដែលជាការបង្ហាញពីសាមគ្គីភាព និងស្មារតីមនុស្សធម៌ក្នុងសង្គម។ លោកជំទាវបានលើកទឹកចិត្តឱ្យយុវជនបន្តធ្វើអំពើល្អ និងចូលរួមក្នុងការងារសង្គម ដើម្បីក្លាយជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍជាតិ។ ខណៈនោះផងដែរ លោក គិន ភក្តី អភិបាលស្រុកព្រៃកប្បាស បានបញ្ជាក់ថា ការអភិវឌ្ឍភូមិឃុំសុវត្ថិភាព ត្រូវការការចូលរួមពីប្រជាពលរដ្ឋ និងយុវជនគ្រប់រូប។ ការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងសង្គម គឺជាកម្លាំងជួយបង្កើនសុខុមាលភាពសង្គម និងធានាការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព។

ឯកឧត្តម ឈួរ សុបញ្ញា បានមានប្រសាសន៍ថា កម្មវិធីនេះ មិនត្រឹមជាការចែកសម្ភារប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកចិត្តមេត្តានិងការបង្កើតស្នាមញញឹមក្នុងសហគមន៍ ដែលបង្ហាញថា សង្គមខ្មែរ នៅតែមានតម្លៃសីលធម៌ និងសាមគ្គីភាពខ្ពស់ ពិសេសជាការរស់នៅប្រកបដោយគន្លងព្រះធម៌ សច្ចៈ កត្តញូ និងខន្តី ជាមួយនឹងទស្សនៈបង្កបថា “ការឱ្យ គឺសុខ ចែករំលែក គឺសាងសង្គមល្អ” ។ ក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីជាតិ ឯកឧត្តមបានផ្តាំផ្ញើនូវទស្សនទានខ្លះជូនដល់យុវជន និងប្រជាពលរដ្ឋថា:

១.ចែករំលែកគឺជាគុណធម៌ មិនមែនជាការបង្ហាញ ព្រោះថាការជួយគ្នាត្រូវចេញពីចិត្តស្មោះត្រង់ មិនមែនធ្វើដើម្បីបង្ហាញជាប្រយោជន៍ផ្ទាល់ខ្លួនទេ ប៉ុន្តែដើម្បីកសាងសង្គមដែលមានមេត្តាករុណា។

២. យុវជនត្រូវក្លាយជាគំរូនៃសង្គម ព្រោះយុវជនត្រូវមានវិន័យ សីលធម៌ និងការទទួលខុសត្រូវ ចូលរួមការងារសង្គម និងជួយដល់អ្នកខ្វះខាត ដើម្បីក្លាយជាកម្លាំងស្នូលនៃជាតិ។

៣.សាមគ្គីភាពជាគ្រឹះនៃសន្តិភាព ដោយការរួមគ្នាជួយគ្នា គឺជាកម្លាំងធ្វើឱ្យសង្គមរឹងមាំ និងធានាបាននូវសុខសន្តិភាពយូរអង្វែង។

៤. កុំទុកឱ្យអ្នកណាម្នាក់ចោលដោយមិនបានគិតគូរ ( No One Leave Behind) ដោយហេតុថា ការអភិវឌ្ឍពិតប្រាកដ គឺត្រូវធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានការយកចិត្តទុកដាក់ និងឱកាសស្មើគ្នា។