ឯកឧត្តម ឈៀង យ៉ាណារ៉ាទទួលលោក Thomas Lammar ភារៈធារីនៃស្ថានទូតលុចសំបួរ

ថ្ងៃសុក្រ ១៣ កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Thomas Lammar ភារៈធារីនៃស្ថានទូតលុចសំបួដែលមាននិវេសនដ្ឋាននៅទីក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ និងទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា បានដឹកនាំកិច្ចពិគ្រោះយោបល់ស្ដីពីកម្មវិធីណែនាំសម្រាប់កិច្ចសហប្រតិបត្តិការ (Indicative Cooperation Programme – ICP) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួ ។ កិច្ចពិគ្រោះយោបល់នេះមានការចូលរួមពីលោក Robert De Waha តំណាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍លុចសំបួ (LuxDev), មន្ត្រីជាន់ខ្ពស់តំណាងរាជរដ្ឋាភិបាលលុចសំបួ និងតំណាងជាន់ខ្ពស់ពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណ ៦០ នាក់ ។ គោលបំណងសំខាន់នៃកិច្ចពិគ្រោះយោបល់ គឺដើម្បីពិនិត្យ និងពិភាក្សាលើទិសដៅយុទ្ធសាស្ត្រ, វិស័យអាទិភាព និងយន្តការភាពជាដៃគូក្នុងការអនុវត្តកម្មវិធីណែនាំ ដែលបានស្នើឡើងក្នុងសេចក្តីព្រាង ICP សម្រាប់រយៈពេល៧ឆ្នាំ២០២៧-២០៣៣ ។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើវិស័យអាទិភាព ចំនួន ៣ រួមមាន វិស័យសុខាភិបាល, បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអភិវឌ្ឍជនបទ ព្រមទាំងអន្តរវិស័យដូចជា យេនឌ័រ, បរិស្ថាន និងការប្រែប្រួលអាកាសធាតុ, អភិបាលកិច្ចល្អ និងឌីជីថលនីយកម្ម