ខេត្តព្រះសីហនុ ត្រៀមខ្លួនចាប់យកឱកាសថ្មីៗពីក្របខ័ណ្ឌ RCEP តាមរយៈការបង្ហាញសក្តានុពល នៅប្រទេសចិន
ទីក្រុងហឺហ្វី, ខេត្តអានហួយ ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុង «សន្និសីទកិច្ចសហប្រតិបត្តិការ និងការភ្ជាប់ទំនាក់ទំនងកម្លាំងផលិតភាពថ្មី នៃបណ្តាប្រទេសជាសមាជិក RCEP» ដែលត្រូវបានប្រារព្ធឡើងនៅទីក្រុងហឺហ្វី ខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន។
សន្និសីទកម្រិតអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងជំរុញការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងបច្ចេកវិទ្យាថ្មីៗរវាងបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
ខ្លឹមសារសំខាន់ៗនៃការចូលរួមការបង្ហាញពីសក្តានុពលខេត្តព្រះសីហនុ នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពីតួនាទីដ៏សំខាន់របស់ខេត្តព្រះសីហនុ ក្នុងនាមជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទ្វារសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា។
ការទាក់ទាញការវិនិយោគ ឯកឧត្តមបានអំពាវនាវ និងស្វាគមន៍ចំពោះអ្នកវិនិយោគទុនពីបណ្តាប្រទេសសមាជិក RCEP ជាពិសេសពីប្រទេសចិន ឱ្យមកបណ្តាក់ទុនលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្មកែច្នៃ និងកម្លាំងផលិតភាពថ្មីៗនៅខេត្តព្រះសីហនុ។
ការរឹតចំណងមិត្តភាព ការចូលរួមនេះក៏ជាឱកាសមួយក្នុងការរឹតបន្តឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តអានហួយ ក៏ដូចជាទីក្រុងដៃគូដទៃទៀតផងដែរ។
វត្តមានរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ នៅក្នុងវេទិកាអន្តរជាតិនេះ បានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបើកចំហសេដ្ឋកិច្ច និងការត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់យកឱកាសថ្មីៗពីក្របខ័ណ្ឌ RCEP សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕



