នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទីពីរព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ «សន្និសីទសភាជាតិ ស្តីពីអភិបាលកិច្ចអាកាសធាតុ» ដែលរៀបចំឡើងដោយរដ្ឋសភាកម្ពុជា សហការជាមួយលេខាធិការដ្ឋានអាយប៉ា (AIPA) នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានផ្តល់ទស្សនទាន និងសារគន្លឹះសំខាន់ៗដូចខាងក្រោម៖
-អន្តរសភាអាស៊ាន ត្រូវរួមគ្នាពង្រឹងច្បាប់ និងអភិបាលកិច្ចអាកាសធាតុ ដើម្បីភាពធន់ ធានាគណនេយ្យភាព កៀរគរថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបៃតង ពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងធានាគោលនយោបាយមាមបរិយាបន្នផ្តោតលើប្រជាជន។
– ពិភពលោកកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរ យើងមិនអាចបង្កើតសង្គ្រាមបន្ថែមទៀតឡើយ។ អ្វីដែលពិភពលោក និងតំបន់ត្រូវការគឺ សន្តិភាព ភាពជាដៃគូ វិបុលភាព និងការគោរពច្បាប់អន្តរជាតិ។
– ដោយឆ្លុះបញ្ចាំងពីតំបន់ប្រាសាទព្រះវិហារ ឯកឧត្តមសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តសហការគ្នាដោយឈរលើស្មារតីអត់ឱន បើកចំហ និងគោរពច្បាប់អន្តរជាតិ ដើម្បីធានាសន្តិភាព និងវិបុលភាពយូរអង្វែង។ ឯកឧត្តម ក៏បានស្នើឱ្យបណ្តាប្រទេសទាំងអស់ត្រូវបង្ហាញនូវសំឡេងគាំទ្រ ចំពោះការគោរពច្បាប់អន្តរជាតិ ដើម្បីយុត្តិធម៌ និងភាពត្រឹមត្រូវក្នុងតំបន់ និងពិភពលោក មិនមែនគាំទ្រឱ្យប្រទេសមួយ ប្រឆាំងនឹងប្រទេសមួយទៀតនោះទេ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ទាំងក្នុងតំបន់ និងពិភពលោក ត្រូវតែរួមដៃគ្នាជាធ្លុងមួយ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជាប្រយោជន៍ដល់ប្រជាជន និងមនុស្សជំនាន់ក្រោយ។



