ឯកឧត្តម ឈួរ សុបញ្ញា : ការយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់ គឺជាសញ្ញាបង្ហាញពីកម្រិតសីលធម៌ និងភាពរឹងមាំនៃសង្គមមួយ ដែលមិនភ្លេចឫសគល់ និងគុណតម្លៃមនុស្ស។
រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ តបតាមការចាត់តាំងរបស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនានោះ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារទទួលបន្ទុកការងារមនុស្សចាស់ នៃក្រសួងធម្មការនិងសាសនា តំណាងបានចូលរួមសិក្ខាសាលាស្តីពី ការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧–២០៣០ ក្រោមអធិបតីភាពឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលជាច្រើន ដែលបានបង្ហាញពីការយកចិត្តទុកដាក់រួមគ្នាចំពោះសុខុមាលភាពរបស់មនុស្សវ័យចាស់។
ក្នុងក្របខណ្ឌសិក្ខាសាលា អង្គប្រជុំបានពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយក្នុងរយៈពេលកន្លងមក ដោយផ្តោតលើការកែលម្អសេវាសុខាភិបាល ការគាំទ្រផ្នែកសន្តិសុខសង្គម និងការលើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់មនុស្សវ័យចាស់ក្នុងសង្គម។ ព្រមទាំងបានពិភាក្សាអំពីបញ្ហាប្រឈមនៅតែមាន និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តក្នុងអំឡុងពេលនៅសល់រហូតដល់ឆ្នាំ២០៣០។ ជាមួយគ្នានេះ អង្គប្រជុំក៏បានឯកភាពលើទិសដៅបន្ត ដូចជា ការពង្រឹងប្រព័ន្ធការពារសង្គម ការចូលរួមរបស់គ្រួសារ និងសហគមន៍ ការផ្សារភ្ជាប់សាសនាជាមួយការងារសង្គម និងការពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍។សិក្ខាសាលានេះមិនត្រឹមជាការវាយតម្លៃប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក្នុងការធានាថា មនុស្សវ័យចាស់នៅកម្ពុជា ទទួលបានការគោរព ការថែរក្សា និងរស់នៅដោយសេចក្ដីថ្លៃថ្នូរ ក្នុងសង្គមដែលកាន់តែរីកចម្រើន និងមានមនុស្សធម៌។
ក្នុងឱកាសចូលរួមនេះ ឯកឧត្តមបានលើកយោបល់សំខាន់ៗ ដោយផ្អែកលើតួនាទីសាសនាក្នុងការគាំទ្រមនុស្សវ័យចាស់ ដូចតទៅ៖
១. ពង្រឹងការអប់រំសីលធម៌ “កតញ្ញូ–កតវេទិតា” ក្នុងសង្គមដោយត្រូវបង្កើនការផ្សព្វផ្សាយតម្លៃនៃការគោរពឪពុកម្តាយ និងមនុស្សចាស់ តាមរយៈវត្ត អង្គការសាសនា និងសាលារៀន ដើម្បីបណ្តុះមនសិកាសង្គមឱ្យកាន់តែរឹងមាំ។
២. ផ្សារភ្ជាប់វត្ត និងសហគមន៍ជាមណ្ឌលគាំទ្រមនុស្សវ័យចាស់តាមតយវត្តអារាមអាចក្លាយជាគន្លឹះសម្រាប់សកម្មភាពសង្គម ដូចជា ការប្រជុំជួបជុំ ការអប់រំធម៌ និងការថែរក្សាផ្លូវចិត្តសម្រាប់មនុស្សវ័យចាស់។
៣. លើកកម្ពស់សុខភាពផ្លូវចិត្តតាមបែបធម៌ដោយការអនុវត្តសមាធិ ស្តាប់ធម៌ និងចូលរួមសកម្មភាពសាសនា អាចជួយបន្ថយភាពឯកោ និងបង្កើនសុខុមាលភាពផ្លូវចិត្តរបស់មនុស្សវ័យចាស់។
៤. ជំរុញការចូលរួមរបស់យុវជនក្នុងការថែរក្សាមនុស្សចាស់ដោយយុវជនគួរត្រូវបានលើកទឹកចិត្តឱ្យចូលរួមសកម្មភាពស្ម័គ្រចិត្ត ជួយថែទាំ និងគាំទ្រមនុស្សវ័យចាស់ ដើម្បីបង្កើតស្ពានភ្ជាប់រវាងជំនាន់។
៥. ផ្សព្វផ្សាយគុណតម្លៃសាសនា ជាគ្រឹះនៃគោលនយោបាយសង្គម
ដោយការបញ្ចូលគោលការណ៍សាសនា ដូចជា មេត្តា ករុណា និងកតញ្ញូ ទៅក្នុងកម្មវិធីសង្គម នឹងធ្វើឱ្យគោលនយោបាយមានជីវិត និង
មានប្រសិទ្ធភាពជាក់ស្តែង។
ជាលទ្ធផលនៃអង្គប្រជុំបានពិនិត្យវឌ្ឍនភាពនៃការអនុវត្តគោលនយោ បាយ កំណត់បញ្ហាប្រឈម និងដាក់ចេញទិសដៅសំខាន់ៗសម្រាប់អនុវត្តបន្ត ដើម្បីធានាបាននូវសុខុមាលភាព និងសេចក្ដីថ្លៃថ្នូររបស់មនុស្សវ័យចាស់នៅកម្ពុជា។



