សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ជួយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង នៅសង្កាត់លេខ៤

ខេត្តព្រះសីហនុ៖ នៅក្នុងស្មារតីសង្គ្រោះបន្ទាន់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រុមការងារសាខាខេត្តបានចុះជួយអន្តរាគមន៍ភ្លាមៗដល់គ្រួសាររងគ្រោះ។
សកម្មភាពមនុស្សធម៌នេះ ដឹកនាំដោយ លោក សាមុត សុធារិទ្ធ អនុប្រធានគណៈកម្មាធិការសាខាខេត្ត រួមដំណើរដោយ លោក គាំ សុខុម នាយកសាខា មន្ត្រីសាខា អនុសាខាក្រុង និងក្រុមអ្នកស្ម័គ្រចិត្ត ដើម្បីនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា ទៅចែកជូនប្រជាពលរដ្ឋចំនួន ០១គ្រួសារ ដែលបានរងគ្រោះមហន្តរាយដោយសារអគ្គិភ័យដុតបំផ្លាញលំនៅឋានអស់ទាំងស្រុង កាលពីពេលថ្មីៗនេះ។ គ្រួសាររងគ្រោះខាងលើ មានទីលំនៅស្ថិតក្នុង ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយគ្រួសាររងគ្រោះ លោក សាមុត សុធារិទ្ធ បានពាំនាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីអាណិតអាសូរក្រៃលែង និងការចូលរួមសោកស្ដាយជាពន់ពេកចំពោះការបាត់បង់ទ្រព្យសម្បត្តិ ពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
តាមការបញ្ជាក់បន្ថែមរបស់លោកអនុប្រធានសាខា «សម្ដេចប្រធាន តែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ក្រៅពីការផ្តល់ជំនួយ លោក សាមុត សុធារិទ្ធ ក៏បានឆ្លៀតឱកាសនោះធ្វើការអំពាវនាវ និងក្រើនរំលឹកដល់គ្រួសាររងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងសហគមន៍ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនានា ពិសេសគឺគ្រោះអគ្គិភ័យ ដែលអាចកើតឡើងគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស។ លោកបានបញ្ចាក់លើវិធានការសុវត្ថិភាពមួយចំនួនដូចជា មុននឹងចាកចេញពីផ្ទឋ ត្រូវពិនិត្យ និងពន្លត់ភ្លើងចង្ក្រាន ធ្យូង ហ្គាស និងទើងទៀនធូបឱ្យបានរាល់ដង។ ប្រព័ន្ធអគ្គិសនី ត្រូវបិទកុងតាក់ ឬឌីសង់ទ័ររាល់ពេលមិនប្រើប្រាស់។ ការតបណ្តាញអគ្គិសនី ដាច់ខាតត្រូវហៅជាង ឬអ្នកជំនាញដែលមានបច្ចេកទេសត្រឹមត្រូវ មកដំឡើង និងតភ្ជាប់ចរន្ត ដើម្បីជៀសវាងការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ដែលជាមូលហេតុចម្បងនៃគ្រោះអគ្គិភ័យ។
ដើម្បីជួយសម្រាលការលំបាក និងការហូបចុកចំពោះមុខ សាខាកាកបាទក្រហមខេត្តព្រះសីហនុ បានប្រគល់ជូនសម្ភារៈប្រើប្រាស់ និងថវិកា រួមមាន អង្ករ ចំនួន ៥០ គីឡូក្រាម មី ចំនួន ១ កេស ទឹកត្រី ចំនួន ១ យួរ ទឹកសុទ្ធ ចំនួន ១ កេស ប៊ីចេង ចំនួន ២ កញ្ចប់ តង់ភួយ ចំនួន ១, កន្ទេល ចំនួន ១ សម្ភារៈផ្ទះបាយ ចំនួន ១ ឈុត ឃីតសង្គ្រោះ ចំនួន ១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាឧបត្ថម្ភបន្ថែម ចំនួន ១,០០០,០០០ រៀល (មួយលានរៀល)។
ទោះបីជាអំណោយទាំងនេះ មិនអាចប៉ះប៉ូវនូវរាល់ការបាត់បង់ទាំងស្រុងពីគ្រោះអគ្គិភ័យក៏ពិតមែន ប៉ុន្តែវាបានបង្ហាញពីការរួមសុខរួមទុក្ខ និងជាស្មារតីមនុស្សធម៌ដ៏ធំធេងក្នុងការជួយទប់ទល់ សម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋចំពេលដែលពួកគាត់កំពុងជួបគ្រោះអាសន្ន។ គ្រួសាររងគ្រោះបានសម្ដែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ ដែលមិនដែលបោះបង់ប្រជាជនចោលក្នុងគ្រាលំបាកឡើយ៕
អត្ថបទ៖ ស្រីមុំ
រូបភាព៖ កាកបាទក្រហមខេត្តព្រះសីហនុ