ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យវឌ្ឍនភាព នៅសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ខណៈសាលានេះកំពុងប្រកួតប្រជែងដណ្តើមជ័យលាភីលេខ១ ទូទាំងប្រទេស

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ ព្រមទាំងសំណេះសំណាលសួរសុខទុក្ខយ៉ាងជិតស្និទ្ធជាមួយលោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងក្រុងព្រះសីហនុ។ បេសកកម្មចុះផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងគុណភាពអប់រំ បរិស្ថានសិក្សា និងជាពិសេសគឺការគិតគូរពីសុខុមាលភាពរបស់កុមារតូចៗ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញដើរពិនិត្យបរិស្ថានទូទៅជុំវិញសាលារៀន និងបានចូលទៅកាន់ថ្នាក់រៀននីមួយៗដោយផ្ទាល់ ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ។ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកគ្រូ-អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ខេត្ត និងសង្គមជាតិ។
ចំណុចសំខាន់មួយនៃការចុះពិនិត្យនេះ គឺឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញទៅពិនិត្យដល់អាហារដ្ឋានក្នុងសាលា ដោយបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើគុណភាព អាហារូបត្ថម្ភ និងអនាម័យនៃចំណីអាហារដែលលក់ជូនសិស្សានុសិស្ស។ ជាមួយគ្នានោះ ឯកឧត្តមក៏បានឆ្លៀតសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករដែលលក់ដូរក្នុងសាលា ដោយបានណែនាំ និងក្រើនរំលឹកឱ្យពួកគាត់បន្តយកចិត្តទុកដាក់ខ្ពស់លើការរក្សាអនាម័យ លក់ដូរចំណីអាហារដែលមានសុវត្ថិភាព គ្មានសារធាតុគីមី និងជៀសវាងការលក់ភេសជ្ជៈ ឬនំចំណីដែលប៉ះពាល់ដល់សុខភាពកុមារ។ «សុខភាពរបស់សិស្សានុសិស្ស គឺជាគ្រឹះដ៏សំខាន់ក្នុងការស្វែងរកចំណេះដឹង។ បរិស្ថានសាលាស្អាត និងចំណីអាហារមានអនាម័យ នឹងជួយឱ្យការសិក្សារបស់កុមារកាន់តែមានប្រសិទ្ធភាព»។
គួរបញ្ជាក់ផងដែរថា សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ បច្ចុប្បន្នមានសិស្សានុសិស្សកំពុងសិក្សាសរុបប្រហែល ២,៩០០នាក់។ អ្វីដែលជាមោទនភាពខ្លាំងសម្រាប់សាលា ក៏ដូចជាខេត្តព្រះសីហនុទាំងមូលនោះគឺ សាលាមួយនេះបានជាប់ឈ្មោះជា «សាលាឆ្នើម Top 5 ប្រចាំប្រទេស» រួចមកហើយ តាមរយៈការធ្វើបទបង្ហាញយ៉ាងជោគជ័យ។
នាពេលបច្ចុប្បន្ន សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព កំពុងតែបន្តដំណើរឈានទៅមុខយ៉ាងស្វាហាប់ ក្នុងការប្រកួតប្រជែងដើម្បីដណ្តើមជ័យលាភី លេខ១ ទូទាំងប្រទេស ជា «អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ» ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ។ ការចុះគាំទ្រ និងពិនិត្យផ្ទាល់ពីសំណាក់ឯកឧត្តមអភិបាលខេត្តនៅពេលនេះ គឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេងបន្ថែមទៀតដល់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងការសម្រេចឱ្យបាននូវជោគជ័យជាប្រវត្តិសាស្រ្តមួយនេះជូនខេត្តព្រះសីហនុ៕

អត្ថបទ៖ស្រីមុំ