ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញសួរសុខទុក្ខដល់កម្មការិនីរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំងនារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦

ក្នុងឱកាសនោះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្ដីបារម្ដពីសុខភាព ស្ថានភាពនៃការរងគ្រោះថ្នាក់របស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី សូមជូនពរដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាល សូមឱ្យឆាប់បានជាសះស្បើយ នឹងឆាប់បានវិលត្រឡប់ជួបជុំក្រុមគ្រួសារវិញ។

ក្រោមការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល សូមបន្តការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវពិភាក្សា ទំនាក់ទំនង និងសហការគ្នា ជាពិសេសបច្ចេកទេសនៃការព្យាបាល ដើម្បីទទួលបានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងប្រកបដោយនវានុវត្តន៍។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី «អំពាវនាវដល់ពលរដ្ឋអ្នកដំណើរទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បញ្ចៀសបានពីការកើតមានគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីការពារអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ។»