កម្លាំងសាមគ្គីភាពបាតសមុទ្រ៖ អ្នកជ្រមុជទឹកស្ម័គ្រចិត្ត ១៧រូប សង្គ្រោះជម្រកធម្មជាតិកោះរ៉ុង ដោយប្រមូលឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ បានជិតកន្លះតោន
ទឹកចិត្តស្រឡាញ់បរិស្ថាន និងសាមគ្គីភាពដ៏ធំធេងរបស់ក្រុមអ្នកជ្រមុជទឹក បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរំដោះបាតសមុទ្រនៃឧទ្យានជាតិសមុទ្រប្រជុំកោះរ៉ុង ឱ្យរួចផុតពីការគំរាមកំហែងនៃកាកសំណល់។
នៅក្នុងយុទ្ធនាការ «ទិវាអណ្តើកសមុទ្រពិភពលោក ឆ្នាំ២០២៦» កាលពីថ្ងៃទី២៣ ខែឧសភា ម្សិលមិញនេះ ក្រុមអ្នកជ្រមុជទឹកស្ម័គ្រចិត្តចំនួន ១៧រូប បានបង្កើតសមិទ្ធផលដ៏គួរឱ្យកោតសរសើរ ដោយបានមុជទឹកបំពេញបេសកកម្មចំនួន ២លើក និងប្រមូលបានឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ (Ghost Gear) សរុបជិតកន្លះតោន ចេញពីតំបន់ស្នូលជីវចម្រុះ។
យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី លោកអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ លោកអភិបាលរងនៃគណៈអភិបាលក្រុងកោះរ៉ុង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជលផល ក្រុមហ៊ុនខ្មែរដាយគ្រុប (KDG) អង្គការគាំពារធនធានសមុទ្រ (MRPO) អង្គការសត្វព្រៃ និងរុក្ខជាតិ (F&F) និងមូលនិធិកោះសង្សារ (SSF)។
ថ្លែងទៅកាន់ក្រុមការងារបច្ចេកទេស បន្ទាប់ពីការជ្រមុជទឹកបិទបញ្ចប់ លោកជំទាវ អ៊ឹម រចនា បានមានប្រសាសន៍កោតសរសើរដោយក្តីរំភើបថា ដំណក់ញើស និងការលះបង់កម្លាំងកាយចិត្តរបស់បងប្អូនអ្នកជ្រមុជទឹកទាំង ១៧រូប ក្នុងរយៈពេលនៃការមុជទឹកទាំង ២លើក ក្នុងរយៈពេលតែ ២ម៉ោង គឺជាជំហានដំបូងដ៏ជោគជ័យ និងជាគំរូដ៏ល្អក្នុងការដាស់ស្មារតីសាធារណជន ជាពិសេសអ្នកនេសាទ ក្នុងបុព្វហេតុការពារ និងអភិរក្សធនធានជលផលបាតសមុទ្រ។
មង និងខ្សែសន្ទូចចាស់ៗជិតកន្លះតោនដែលធ្លាប់តែជា «អន្ទាក់មរណៈ» យាយីសត្វអណ្តើកសមុទ្រ ផ្សោត និងបំផ្លាញផ្កាថ្ម ត្រូវបានដកហូតចេញជាស្ថាពរ ដែលនេះជាសកម្មភាពជាក់ស្តែងក្នុងការផ្ដល់ជីវិត និងដង្ហើមជាថ្មីដល់មហាសមុទ្រ។ លោកជំទាវបានសង្កត់ធ្ងន់ថា ជោគជ័យនេះស្តែងឱ្យឃើញថា ឱ្យតែមានការចូលរួមពីគ្រប់ភាគី នោះយើងពិតជាអាចការពារធនធានធម្មជាតិរបស់យើងបានប្រកបដោយចីរភាព។
គួរបញ្ជាក់ផងដែរថា ឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ ឬ Ghost Gear សរុបចំនួន ៤៧០ គីឡូក្រាម ដែលត្រូវបានក្រុមការងារប្រមូលបានពីតំបន់ប៉ប្រះផ្កាថ្ម និងជម្រកស្មៅសមុទ្រនាពេលនេះ រួមមាន៖ អួនអូស (Trawl net) ចំនួន ៤០០គីឡូក្រាម, លបនេសាទ (Fishing trap) ចំនួន ៣០គីឡូក្រាម, មងក្រឡា (Gill net) ចំនួន ១៥គីឡូក្រាម, សន្ទូចខ្សែវែង (Long line) ចំនួន ៥គីឡូក្រាម, ខ្សែសន្ទូច (Fishing line) ចំនួន ៣គីឡូក្រាម ព្រមទាំងសំណល់ផ្សេងៗទៀត (Other items) ចំនួន ១៧គីឡូក្រាម។
ទិន្នន័យជាក់លាក់ទាំងអស់នេះ ត្រូវបានកត់ត្រាយ៉ាងហ្មត់ចត់ ដើម្បីទុកជាមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់អគ្គនាយកដ្ឋានជលផលក្នុងការរៀបចំផែនការសកម្មភាព ដើម្បីគ្រប់គ្រង ការពារ និងអភិរក្សសមុទ្រកម្ពុជា បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវ និងអេកូទេសចរណ៍ជលផល ប្រកបដោយចីរភាពទៅថ្ងៃអនាគត៕



