ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញចុះជួបសំណេះ សំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាង៣០០ នាក់ នៅស្រុកពាមរក៍ ខេត្តព្រៃវែង
នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាង រាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។
ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពាមរក៍យ៉ាងច្រើនកុះករ។
បន្ទាប់ពីលោក កែវ ពិសី អភិបាល នៃគណៈអភិបាលស្រុកពាមរក៍ បានជម្រាបជូនពីសណ្តាប់ធ្នាប់សន្តិសុខសាធារណៈនិងការវិវត្តន៍រីកចម្រើនរបស់ស្រុកពាមរក៍ រួចមក។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានសម្តែងនូវមោទនភាពចំពោះវឌ្ឍនភាពជាង ២ឆ្នាំកន្លងមករបស់រដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាស្ត្រីដំបូងគេ ដែលកំពុងជំរុញការធ្វើទំនើបកម្ម និងកំណែទម្រង់ស្ថាប័នយ៉ាងស៊ីជម្រៅ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំពុងអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ដោយផ្ដោតលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ដើម្បីប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីឆ្លុះបញ្ចាំងពីតួនាទីរបស់រដ្ឋសភា
ឯកឧត្តមអនុប្រធានទី១ បានពន្យល់ពីភារកិច្ចស្នូលទាំង ៣ របស់តំណាងរាស្ត្រ រួមមាន៖ មុខងារនីតិកម្ម៖ ការពិភាក្សា និងអនុម័តច្បាប់។ មុខងារតាមដានការអនុវត្តច្បាប់៖ ធានាតម្លាភាព និងប្រសិទ្ធភាពរដ្ឋបាលសាធារណៈ។ មុខងារភាពជាតំណាង៖ ការចុះមូលដ្ឋានជាប់ជាប្រចាំដើម្បីជួយដោះស្រាយសំណូមពររបស់ពលរដ្ឋ។
ចំពោះសភាពការណ៍ព្រំដែន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានសង្កត់ធ្ងន់លើការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដោយបានបញ្ជាក់ថា កម្ពុជាប្តេជ្ញាប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង (វៀតណាម ឡាវ និងថៃ) ទៅជា «ព្រំដែននៃមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។ ជាក់ស្តែង ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកងទ័ពថៃតាមយន្តការសន្តិវិធី និងបន្តដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ ដោយប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំងយោធា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមូលដ្ឋាន (ខេត្ត ស្រុក ឃុំ ភូមិ) នូវទិសដៅការងារអាទិភាពចំនួន ៧ ចំណុច៖ លេខរៀង ទិសដៅការងារអាទិភាពសកម្មភាពជាក់ស្តែងដែលត្រូវអនុវត្ត ១-ការការពារ អធិបតេយ្យ និងសន្តិភាពប្រកាសគាំទ្រពេញទំហឹងលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងនឹងការរំលោភបំពានពីយោធាថៃ ព្រមទាំងទប់ស្កាត់ពួកជ្រុលនិយមដែលបង្កចលាចល។២-ការ សន្សំសំចៃថាមពលចូលរួមអនុវត្តវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនី ដើម្បីឆ្លើយតបនឹងវិបត្តិសង្គ្រាមមជ្ឈឹមបូព៌ាដែលធ្វើឱ្យតម្លៃថាមពលកើនឡើង ព្រមទាំងជួយសម្រួលចរាចរណ៍ក្នុងម៉ោងមមាញឹក។៣-ការអប់រំស្មារតីសន្តិភាពបន្តអប់រំប្រជាជន និងយុវជនឱ្យយល់ពីគុណតម្លៃនៃសន្តិភាព ដែលរកបានដោយលំបាកបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន។៤-ការពង្រឹងរដ្ឋបាលនិងសេវាសាធារណៈពង្រឹងមន្ត្រីបង្គោល (មេឃុំ មេប៉ុស្តិ៍ ស្មៀន មេភូមិ) ឱ្យផ្តល់សេវាសាធារ ណៈទាន់ពេល ប្រើកាយវិការទន់ភ្លន់ និងអនុវត្តគោលនយោ បាយភូមិ-ឃុំមានសុវត្ថិភាព (លុបបំបាត់ក្មេងទំនើង និងគ្រឿងញៀន)។៥-ការជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សព្វផ្សាយ និងលើកទឹកចិត្តយុវជនមកពីគ្រួសារក្រីក្រ ឱ្យចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ១២៩៧ របស់ក្រសួងការងារ។៦-ការពង្រឹងរចនាសម្ព័ន្ធគ្រប់ថ្នាក់ រក្សាសមាជិកចាស់ កសាងសមាជិកថ្មីក្នុងស្រទាប់យុវជន និងអប់រំអំពីអត្ថន័យប្រវត្តិសាស្ត្រនៃជ័យជម្នះ ៧មករា ១៩៧៩។៧-ការរក្សាស្ថិរភាពសេដ្ឋកិច្ចមូលដ្ឋានរួមគ្នាទប់ស្កាត់អតិផរណា រក្សាតម្លៃទំនិញនៅលើទីផ្សារ ជំរុញការផលិតក្នុងស្រុករបស់កសិករ និងសហគ្រាស ព្រមទាំងសហការស្វែងរកទីផ្សារកសិផល។ ពិធីសំណេះសំណាលនេះ មិនត្រឹមតែជាការ បង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរដ្ឋសភាចំពោះសុខទុក្ខពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការដាក់ចេញនូវ យុទ្ធសាស្ត្ររួមគ្នារវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវសន្តិសុខព្រំដែន ស្ថិរភាពសេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាកិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានផ្ដល់កិត្តិយសជូនបណ្ណសរសើរដល់លោកអភិបាលស្រុកពាមរក៍ ជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសការដំឡើងប្រព័ន្ធអំពូលសូឡាបំភ្លឺផ្លូវសាធារណៈក្នុងស្រុកផងដែរ៕



