ក្រុមហ៊ុន YHS Cambodia (យ៉ូស) បញ្ជាក់ពីការចូលរួមគាំទ្រក្រសួងព័ត៌មាន ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមក្នុងខេត្តក្រចេះ ជាពិសេសសម្រាប់កុមារដែលខ្វះខាត ដើម្បីបានទទួលអាហារូប្ថម្ភត្រឹមត្រូវ យល់ដឹងពី ភេសជ្ជៈដែលមានជាតិស្ករទាប សម្រាប់សុខភាព,
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦
លោកស្រី ហេង សុទ្ធាវី អគ្គនាយិកា ក្រុមហ៊ុន YHS Cambodia (យ៉ូស) បញ្ជាក់ពីការចូលរួមគាំទ្រ និងសហការជាមួយក្រសួងព័ត៌មាន ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមក្នុងខេត្តក្រចេះ ជាពិសេសសម្រាប់កុមារដែលខ្វះខាត ដើម្បីបានទទួលអាហារូប្ថម្ភត្រឹមត្រូវ យល់ដឹងពី ភេសជ្ជៈដែលមានជាតិស្ករទាប សម្រាប់សុខភាព។
លោកស្រីអគ្គនាយិកា បានជម្រាបជូនថា យ៉ូស ជាភេសជ្ជៈទី១ ដែលក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យលក់ក្នុងសាលារៀន ដោយសារមានជាតិស្ករទាប។
ក្រុមហ៊ុនយ៉ូស កំណត់គោលដៅនឹងជួយគាំទ្រចែកទឹកសណ្តែកយ៉ូស ដែលមានជាតិស្ករទាបទៅ ៥០០សាលរៀន ដែលនឹងជូនដល់ សិស្សានុសិស្សប្រមាណ ៥០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៦នេះ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារសប្បុរសធម៌ និងការចូលរួមចំណែកក្នុងសង្គមរបស់ក្រុមហ៊ុន YHS Cambodia (យ៉ូស) ដែលតែងតែគាំទ្រ និងចូលរួមក្នុងសកម្មភាពមនុស្សធម៌ ព្រមទាំងការងារសង្គមនានានៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមឱ្យកាន់តែប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកសកម្មភាពទាំងនេះថា ជាការបង្ហាញពីទំនួលខុសត្រូវសង្គមរបស់វិស័យឯកជន ដែលមិនត្រឹមតែផ្តោតលើការធ្វើអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមជួយដល់សហគមន៍ និងប្រជាពលរដ្ឋដែលត្រូវការការគាំទ្រផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យបន្តពង្រឹង និងពង្រីកសកម្មភាពសប្បុរសធម៌ និងកិច្ចការសង្គមបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
ទាក់ទងនឹងគោលបំណងរបស់ក្រុមហ៊ុន YHS Cambodia (យ៉ូស) ក្នុងការចូលរួមគាំទ្រ និងសហការជាមួយក្រសួងព័ត៌មាន លើសកម្មភាពសប្បុរសធម៌ និងការងារសង្គមនៅក្នុងខេត្តក្រចេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះការចូលរួមគាំទ្ររបស់ក្រុមហ៊ុន ចំពោះសកម្មភាពមនុស្សធម៌របស់ក្រសួងព័ត៌មាន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគម្រោងសប្បុរសធម៌ និងការងារសង្គមមួយចំនួន ដែលក្រសួងព័ត៌មានគ្រោងបន្តអនុវត្តទាំងនៅថ្នាក់ក្រសួង និងនៅមូលដ្ឋានខេត្តក្រចេះ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍសង្គមឱ្យកាន់តែប្រសើរឡើង។
គូររម្លឹកដែរថា កាលពីពេលកន្លងមកនេះ
អគ្គនាយិកាក្រុមហ៊ុន YHS Cambodia (យ៉ូស) បាននាំយកអំណោយ នំ និងភេសជ្ជៈផលិតផលផលិតដោយកូនខ្មែរ និងមានរោងចក្រនៅស្រុកខ្មែរ ចែកជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ប្រមាណជាង ១ពាន់នាក់ តាមសាលាក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
កាលពថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កន្លងមកនេះដែរ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំលោកជំទាវ លោកស្រី ជាសមាជិកាកិត្តិយស សមាជិកាសមាគមនារី ចុះទស្សនកិច្ចសិក្សានិងស្វែងយល់អំពីចង្វាក់ផលិតកម្ម នៅរោងចក្រផលិតភេសជ្ជៈ Yoe’s ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៦នេះ រោងចក្រភេសជ្ជៈ Yoe’s មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាង២០ឆ្នាំមកហើយ និងមានបុគ្គលិកប្រមាណ ៥០០នាក់ ដែលកំពុងបម្រើការងារដែលសុទ្ធសឹងជាជនជាតិខ្មែរទាំងអស់៕



