ចាប់ផ្តើមអនុវត្តហើយ! ផ្ទេរទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ ទៅខេត្តជាប់ព្រំដែនដើម្បីធ្វើសកម្មភាពជួយដល់សមរភូមិជួរមុខ

ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើងសរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅខេត្តជាប់ព្រំដែនចំនួន០២ ដើម្បីធ្វើសកម្មភាពដែលមានប្រយោជន៍ជួយដល់សមរភូមិជួរមុខ។

ទណ្ឌិតជាក្មេងទំនើងទាំង ៧៩០នាក់ ដែលត្រូវបានផ្ទេរពីបណ្ដាពន្ធនាគាររាជធានី ខេត្តនេះ គឺត្រូវបានបញ្ជូនទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែទី៤ (ខេត្តពោធិ៍សាត់) ចំនួន៦៥១នាក់ និងពន្ធនាគារខេត្តឧត្តរមានជ័យ ចំនួន ១៣៩នាក់។ ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីធ្វើសកម្មភាពដែលមានប្រយោជន៍ជួយដល់សមរភូមិមុខផង។

ចំពោះការផ្ទេរទណ្ឌិតជាក្មេងទំនើងជិត៨០០នាក់ទៅជួយបម្រើការងារមានប្រយោជន៍ដល់សមរភូមិជួរមុខជាលើកដំបូងនាពេលនេះ គឺអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ដោយសម្ដេចឱ្យស្ថាប័នជំនាញរួមមាន ក្រសួងយុត្តិធម៌, អគ្គមបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ គិតគូររៀបចំ និងបញ្ជូនទណ្ឌិតក្មេងទំនើងឱ្យទៅបម្រើការងារជួយដល់ជួរមុខក្នុងការធ្វើពុម្ពលេណដ្ឋាន និងការងារផ្សេងៗដែលសមស្រប ដើម្បីជួយដល់កងទ័ពជួរមុខក៏ដូចជាកងវិស្វកម្ម។

សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗកន្លងទៅក៏បានបញ្ជាក់ហើយថា ក្មេងទំនើងមិនបានបញ្ជូនទៅកាន់អាវុធនៅសមរភូមិជួរមុខនោះទេ គឺសម្រាប់បម្រើសកម្មភាពសមរភូមិជួរមុខ ដូចជាការបម្រើការងារផ្នែកការដ្ឋានសំណង់ ចាក់បេតុងលេណដ្ឋាន និងដាំបន្លែជាដើម៕