គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ ដើម្បីពង្រឹងកិច្ចការស្ត្រី និងកុមារ និងដោះស្រាយបញ្ហាប្រឈមតាមមូលដ្ឋាន

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២២ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធាន គ.ក.ស.ក ខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា គ.ក.ស.ក ខេត្ត, តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត, មន្ទីរកិច្ចការនារីខេត្ត, គ.ក.ស.ក ក្រុង-ស្រុក ព្រមទាំងតំណាងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់។

 អង្គប្រជុំបានស្តាប់របាយការណ៍សង្ខេបស្តីពីលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៦ របស់ គ.ក.ស.ក ខេត្ត ដោយបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងបានចូលរួមពិភាក្សាយ៉ាងផុសផុល ទៅលើស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយឆ្លើយតបទៅនឹងសំណើ-សំណូមពរនានា ដែលពាក់ព័ន្ធនឹងកិច្ចការស្ត្រី និងកុមារនៅតាមមូលដ្ឋាន។ អង្គប្រជុំ ក៏បានពិភាក្សាលើបញ្ហាផ្សេងៗ និងបានឯកភាពគ្នាលើផែនការសកម្មភាពរបស់ គ.ក.ស.ក ខេត្ត សម្រាប់យកទៅអនុវត្តក្នុងខែបន្ទាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។

មានប្រសាសន៍បូកសរុប និងវាយតម្លៃក្នុងឱកាសនោះ លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់ និងការចូលរួមយ៉ាងសកម្មពីសំណាក់សមាជិក សមាជិកា គ.ក.ស.ក គ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូទាំងអស់។

លោកជំទាវប្រធាន បានផ្តល់អនុសាសន៍ណែនាំដល់ គ.ក.ស.ក ក្រុង-ស្រុក ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សមត្ថកិច្ច និងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការលើកយកបញ្ហាប្រឈមនានាមកដោះស្រាយនៅក្នុងកម្រិតក្រុមប្រឹក្សាក្រុង-ស្រុករបស់ខ្លួនជាមុនសិន មុននឹងលើកករណីទាំងនោះមកដោះស្រាយបន្តនៅថ្នាក់ គ.ក.ស.ក ខេត្ត។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានស្នើសុំឱ្យអង្គការដៃគូអភិវឌ្ឍន៍បន្តសហការ និងធ្វើរបាយការណ៍វឌ្ឍនភាពគ្រប់ករណីទាំងអស់ មកអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាជួយដល់កុមាររងគ្រោះ យុវជន និងគ្រួសារដែលជាមុខសញ្ញាឱ្យបានទាន់ពេលវេលា។

អត្ថបទ៖ម៉ារ៉ាឌី

រូបភាព៖ វណ្ណថៃ