លោក ឡុង ឌី ម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ដល់មន្ទីរព័ត៌មានខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ដើម្បីពិនិត្យលើលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងលើកទិសដៅការងារបន្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឡុង ឌីម៉ង់ អភិបាលរង ព្រះសីហនុ។
មានការចូលរួមពី លោកប្រធានស្តីទីនៃមន្ទីរព័ត៌មាន លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះទាំងប្រាំ ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកកិច្ចសន្យានៃមន្ទីរព័ត៌មានសរុបប្រមាណ៤០នាក់។
លោក ខៀវ សាវ៉ុន ប្រធានស្តីទី នៃមន្ទីរព័ត៌មាន បានលើកឡើងស្តីពីសកម្មភាពការងារដែលមន្ទីរសម្រេចបានកន្លងមក។ លោកបានគូសបញ្ជាក់ថា មន្ត្រីរាជការទាំងអស់បានគោរពម៉ោងពេល និងវិន័យការងារបានយ៉ាងត្រឹមត្រូវ។ ជាងនេះទៅទៀត មន្ត្រីជាបន្តបន្ទាប់បានទទួលវគ្គបណ្តុះបណ្តាលជំនាញ ដែលធ្វើឱ្យប្រសិទ្ធភាពការងារមានភាពល្អប្រសើរជាងមុន ព្រមទាំងបានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ជារៀងរាល់ខែ ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃ។
លោកប្រធានស្តីទី ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែលមន្ទីរកំពុងជួបប្រទះដូចជា សមត្ថភាពមន្ត្រីលើជំនាញឯកទេសមួយចំនួននៅមានកម្រិត មិនទាន់ឆ្លើយតបនឹងតម្រូវការការងារបានពេញលេញនៅឡើយ។
សម្ភារៈនិង ឧបករណ៍សម្រាប់បម្រើឱ្យការផ្សព្វផ្សាយមានការខ្វះខាត និងខ្លះទៀតមានការខូចខាត ដោយសាររងឥទ្ធិពលពីគ្រោះធម្មជាតិ។
នៅក្នុងកិច្ចប្រជុំនោះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចរហូតទទួលបានលទ្ធផលល្អ។ ជាមួយគ្នានោះ លោកក៏បានផ្តល់ឱកាសដល់មន្ត្រីទាំងអស់ លើកឡើងនូវកង្វល់ និងបញ្ហាប្រឈមផ្ទាល់ខ្លួនក្នុងពេលបំពេញការងារ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្រប។
ដើម្បីបង្កើនប្រសិទ្ធភាពការ លោកអភិបាលរងខេត្ត បានផ្តល់អនុសាសន៍ណែនាំលើចំណុចគន្លឹះសំខាន់ៗមួយចំនួនដូចជា
ត្រូវតែយកចិត្តទុកដាក់លើការបណ្តុះបណ្តាលមន្ត្រីឱ្យមានសមត្ថភាពខ្ពស់ ដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាទំនើប។
មន្ត្រីទាំងអស់ត្រូវចេះជួយគ្នាទៅវិញទៅមក ធ្វើការងារជាក្រុម ដោយមិនប្រកាន់ឋានៈតួនាទី ចេះយោគយល់អធ្យាស្រ័យ និងស្វែងយល់ពីសតិអារម្មណ៍គ្នា។
ក្នុងនាមជាអ្នកព័ត៌មាន ត្រូវតែក្តាប់សភាពការណ៍ និងព័ត៌មានឱ្យបានលឿន និងទាន់ហេតុការណ៍។ ត្រូវជម្រុញ និងវឹកហាត់មន្ត្រីឱ្យមានជំនាញសរសេរព័ត៌មានឱ្យបានច្រើន និងធ្វើការងារនេះជាប្រចាំ។
ជាកិច្ចបញ្ចប់ លោក ឡុង ឌី ម៉ង់ អភិបាលរងខេត្ត បានមានប្រសាសន៍ជម្រុញអោយ មន្ទីរព័ត៌មាន បង្កើនការផលិតព័ត៌មានឱ្យបានកាន់តែច្រើននៅក្នុងខេត្ត ជាពិសេសគឺការបង្កើតមាតិកា (Content) ថ្មីៗ និងបទយកការណ៍ សម្បូរបែប ដើម្បីធ្វើឱ្យវិសាលភាពនៃការផ្សព្វផ្សាយរបស់មន្ទីរកាន់តែទូលំទូលាយ មានភាពលឿនរហ័ស និងទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់សាធារណជន។
អត្ថបទ មន សូត្រ



