ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយកសិករដាំកាហ្វេប្រមាណ ២០០នាក់មកពីស្រុកពេជ្រាដា
ខេត្តមណ្ឌលគិរី៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះបានអញ្ជើញជួបសំណេះ សំណាលជាមួយកសិករដាំកាហ្វេប្រមាណ ២០០នាក់មកពីស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ អ្នកដាំដុះបន្លែ កៅស៊ូ ដំណាំម្រេចនិងកាហ្វេនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ថា ក្នុងទឹកដីខេត្តមណ្ឌលគិរីយើងនេះ បើបងប្អូនយល់ថា ការប្រកប របរកសិកម្ម រួមមាន ដាំដុះបន្លែ ម្រេច និងដំណាំផ្សេង ទៀត បានទិន្នផលតិចលក់បានថោក កសិករយើងក្នុងបរិបទនេះ គួរតែផ្តោតលើដំណាំកាហ្វេវិញម្តង ដោយ សារបងប្អូនមានដីស្រាប់ ព្រោះជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់ពិភពលោកដែលមានតម្រូវការទីផ្សារខ្ពស់ផងដែរ។
ជុំវិញការវិនិយោគកាហ្វេនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកចិត្តដល់កសិករក្នុងខេត្តមណ្ឌលគិរីត្រូវចាប់យកឱកាសផ្តោតលើដំណាំសក្តានុពលគឺ ដំណាំកាហ្វេវិញម្តង ព្រោះកម្ពុជាយើងមានការផ្គត់ផ្គង់កាហ្វេទូទាំងប្រទេស ក្នុងរង្វង់១០ភាគរយប៉ុណ្ណោះ។ ដូច្នេះពិតជាត្រូវការវិនិយោគច្រើនសម្រាប់បំពេញតម្រូវការទីផ្សារក្នុងនោះ ខេត្តមណ្ឌលគិរី ដែលកសិករយើងគួរតែនាំគា្នដាំដុះឲ្យបានច្រើន ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ នឹងបង្កើតការងារក្នុងស្រុក។
សម្រាប់ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកជូនកសិករទៀតថា ការធ្វើកសិកម្មមិនថា ដាំកាហ្វេឬដាំដុះអ្វីក៏ដោយ គឺទាមទារឲ្យមានជំនាញខ្លាំងនិងធ្វើដោយពិតប្រាកដ ទោះបីជាបងប្អូននឿយហត់លើកសិកម្មមែន ប៉ុន្តែចំណុចសំខាន់ត្រូវចេះគ្រប់គ្រង ចេះកត់ត្រាលើការចំណាយថ្លៃដើមផលិត ក្នុង១ឯកតា ទើបធ្វើបានចំណេញ ព្រោះក្នុងចំណោមវិស័យធំៗទាំង៤ដែលជាជន្ទល់សេដ្ឋកិច្ចមានវិស័យកសិកម្មុមួយដែរ សម្រាប់ការទ្រទ្រង់សេដ្ឋកិច្ចជាតិយើង។
បន្ទាប់ពីបញ្ចប់ពិធីជួបសំណេះសំណាលជាមួយប្រជាកសិករមកពីបណ្តាស្រុកមួយចំនួនក្នុងខេត្តមណ្ឌលគិរី នារសៀលនេះ ឯកឧត្តមបណ្ឌិតប្រតិភូនិងសហការី បានអញ្ជើញចុះពិនិត្យមើល សក្តានុពលចំការកាហ្វេមួយកន្លែងដែលជាការវិនិយោគដោយពាណិជ្ជករក្នុងស្រុក ដើម្បីចូលរួមអភិវឌ្ឍវិស័យកាហ្វេកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលជំរុញការប្រើប្រាស់ផលិតផលខ្មែរនឹងកាត់បន្ថយការនាំចូលផងដែរ៕



