បន្ទាប់ពីត្រលប់មកពីទីក្រុងប៉េកាំងវិញ លោក Trump បានបញ្ជាក់ថាលោកនឹងនិយាយជាមួយនឹងប្រធានាធិបតីតៃវ៉ាន់លើការសម្រេចចិត្តលក់អាវុធ និងបញ្ជាក់ពីបញ្ហាជាមួយអ៊ីរ៉ង់
ប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃពុធនេះថា លោកនឹងនិយាយជាមួយប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te មុនពេលធ្វើការសម្រេចចិត្តលើការលក់អាវុធទៅឱ្យតៃវ៉ាន់។ លោក Trump បាននិយាយទៀតថា «ខ្ញុំនឹងនិយាយជាមួយគាត់ ហើយខ្ញុំក៏នឹងនិយាយជាមួយមនុស្សគ្រប់គ្នាដែរ។ យើងមានឱកាសយ៉ាងល្អនោះនៅក្នុងដៃ។ យើងនឹងធ្វើការលើបញ្ហាតៃវ៉ាន់។ លោក Trump បានធ្វើអត្ថាធិប្បាយនេះ នៅពេលដែលលោកចាកចេញពីទីក្រុងវ៉ាស៊ីនតោន សម្រាប់ពិធីប្រគល់សញ្ញាបត្រដល់សាលាឆ្មាំសមុទ្រនៅរដ្ឋ Connecticut។ លោក Trump និងមន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀតជាធម្មតាមិនទំនាក់ទំនងជាមួយមេដឹកនាំតៃវ៉ាន់នោះទេ ប៉ុន្តែស្ថានភាពនេះស្រាប់តែលោកបង្ហាញការគាំទ្រកាលពីអតីតកាល ឧទាហរណ៍ ដូចជាការអនុញ្ញាតឱ្យអតីតប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ធ្វើដំណើរឆ្លងកាត់លើទឹកដីសហរដ្ឋអាមេរិក ក្នុងដំណើរទៅកាន់ប្រទេសអាមេរិកឡាទីន។ សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសទាំងអស់ដែលមានទំនាក់ទំនងជាផ្លូវការជាមួយទីក្រុងប៉េកាំង មិនទទួលស្គាល់កោះតៃវ៉ាន់ ជាប្រទេសមួយនោះទេ ប៉ុន្តែជាអ្នកគាំទ្រ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏រឹងមាំបំផុតរបស់កោះនេះទៅវិញ។ សហរដ្ឋអាមេរិកត្រូវបានចងភ្ជាប់ដោយច្បាប់ផ្ទាល់ខ្លួន ដើម្បីផ្តល់មធ្យោបាយដល់តៃវ៉ាន់ និងដើម្បីការពារខ្លួន ហើយចាត់ទុកការគំរាមកំហែងទាំងអស់ចំពោះកោះនេះថាជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ប៉ុន្តែការអត្ថាធិប្បាយថ្មីៗរបស់លោក Trump បានធ្វើឱ្យការគាំទ្រនោះស្ថិតក្នុងសំណួរជាច្រើន។ ទន្ទឹមនឹងនេះដែរ នៅពេលសួរអំពីប្រទេសអ៊ីរ៉ង់វិញ លោក Trump បានប្រាប់អ្នកយកព័ត៌មានថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu “នឹងធ្វើអ្វីដែលខ្ញុំចង់ឱ្យគាត់ធ្វើ”។ នៅពេលសួរថា លោកបានប្រាប់លោក Netanyahu យ៉ាងដូចម្តេចអំពីរយៈពេលដែលប្រទេសទាំងពីរអាចពន្យារពេលលើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ខណៈដែលការចរចានៅតែបន្ត លោក Trump បាននិយាយថា “គាត់មិនអីទេ។ គាត់នឹងធ្វើអ្វីដែលខ្ញុំចង់ឱ្យគាត់ធ្វើវា។ គាត់ជាមនុស្សល្អណាស់។ គាត់នឹងធ្វើអ្វីដែលខ្ញុំចង់ឱ្យគាត់ធ្វើ ហើយគាត់ជាមនុស្សដ៏អស្ចារ្យម្នាក់”។ ការអត្ថាធិប្បាយទាំងនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Trump បាននិយាយថា លោកនៅសល់ “មួយម៉ោងទៀត” ទៀតប៉ុណ្ណោះ ពីការបញ្ជាឱ្យវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែបានផ្អាកនៅពេលដែលសម្ព័ន្ធមិត្តឈូងសមុទ្របានប្រាប់លោកថា មានកិច្ចព្រមព្រៀងមួយជិតមកដល់ហើយ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



