យុទ្ធនាការជំរឿនមន្ត្រីរាជការបានឈានមកដល់ក្រសួងការបរទេសហើយ ក្នុងដំណើរការត្រួតពិនិត្យវត្តមានមន្ត្រី និងការរៀបចំជួរមន្ត្រីរាជការឱ្យកាន់តែមានសណ្តាប់ធ្នាប់ និងតម្លាភាព
យុទ្ធនាការជំរឿនមន្ត្រីរាជការដើម្បីធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធរដ្ឋបាល បានឈានមកដល់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិហើយ ដែលជាក្រសួងទី៧ ក្នុងដំណើរការត្រួតពិនិត្យវត្តមានមន្ត្រី និងការរៀបចំជួរមន្ត្រីរាជការឱ្យកាន់តែមានសណ្តាប់ធ្នាប់ និងតម្លាភាព។
យុទ្ធនាការនេះត្រូវបានដឹកនាំផ្ទាល់ដោយ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារចុះជំរឿននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដោយមានការចូលរួមសហការពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដែលដំណើរការជំរឿននេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ គឺថ្ងៃទី២០-២១ខែឧសភា ឆ្នាំ២០២៦ នៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
ការចុះពិនិត្យនេះធ្វើឡើងដោយផ្ទាល់នៅតាមអង្គភាពចំណុះទីស្តីការក្រសួង ដើម្បីផ្ទៀងផ្ទាត់វត្តមានមន្ត្រីកំពុងបំពេញការងារជាក់ស្តែង ស្របតាមរចនាសម្ព័ន្ធដែលបានកំណត់។
យុទ្ធនាការជំរឿនមន្ត្រីរាជការគឺធានាឱ្យបាននូវការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីឱ្យបានច្បាស់លាស់ ដោយមិនឱ្យរំខានដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការងារប្រចាំថ្ងៃរបស់អង្គភាពឡើយ។
គួរបញ្ជាក់ថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ គឺជាស្ថាប័នទី៧ ដែលបានអនុវត្តវិធានការជំរឿននេះ ក្នុងគោលដៅជំរុញកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែរឹងមាំ ហើយយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធរដ្ឋបាល និងការជំរឿនមន្ត្រីជាក់ស្តែងនេះ គឺជាវិធានការគន្លឹះមួយស្ថិតក្នុងរបៀបវារៈកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងគោលដៅពង្រឹងសមត្ថភាព ស្ថាប័នរដ្ឋបាលថ្នាក់ជាតិឱ្យកាន់តែរឹងមាំ ស្អាតស្អំ និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យឌីជីថល៕



